ពលករខ្មែរ៦នាក់ លួចឆ្លងដែនចូលទឹកដីថៃ និងមេខ្សល់១នាក់ជាជនជាតិថៃ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនបញ្ជូនបន្តទៅតុលាការ
ខេត្តបន្ទាយមានជ័យ៖សមត្ថកិច្ចថៃឃាត់ខ្លួនពលករខ្មែរចំនួន៦នាក់ ដែលលួចឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ តាមភូមិសាស្ត្រប៉ុស្តិ៍ប្រាសាទត្បែង ភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងមេខ្សល់១នាក់ជាជនជាតិថៃ កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បញ្ជូនអធិការដ្ឋាននគរបាល និងបញ្ជូនទៅតុលាការបន្ត។
នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងពីការិយាល័យ ទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំការនៅបឹងត្រកួនថា កាលពីវេលាម៉ោង៣រសៀល មានទាហ៊ានប៉ារ៉ានឹងតម្រួត.ត.ឆ.ដ.ថៃ បានឃាត់ពលករខ្មែរចំនួន៦នាក់ ស្រីចំនួន៣នាក់ បានលួចឆ្លងដែនចូលទឹកដីថៃ នៅចំណុចប៉ុស្តិ៍លេខ៣ថៃ ស្ថិតក្នុងភូមិសូន្យសាម ឃុំថាប់ថៃ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ទល់នឹងភូមិសាស្ត្រប៉ុស្តិ៍ប្រា សាទត្បែង ភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នគរបាលបញ្ជាក់ថា ពលករខ្មែរទាំង៦នាក់ ស្រី៣នាក់ មកពីខេត្តសៀមរាបចំនួន៥នាក់ និងខេត្តបន្ទាយមានជ័យ១នាក់ ក្នុងការឃាត់ខ្លួនពលករទាំង៦នាក់នេះ ក្រុមការងារទំនាក់ទំនងការងារព្រំដែនកម្ពុជា-ថៃ បានធ្វើការទំនាក់ទំនងស្នើសុំប្រជាពលរដ្ឋខាងលើត្រឡប់មកកម្ពុជាវិញ ប៉ុន្តែភាគីថៃមិនអនុញ្ញាតិ្តឲ្យមកជាដាច់ខាត។តាមការឲ្យដឹងពីសមត្ថកិច្ចថៃ ថាបានស្រាវជ្រាវរកឃើញមេខ្សល់១នាក់ជាជនជាតិថៃ។សមត្ថកិច្ចថៃបញ្ជាក់ថា ពលករខ្មែរទាំង៦នាក់នោះនិងមេខ្សល់ត្រូវបានបញ្ជូនទៅអធិការដ្ឋានប៉ូលីស ស្រុកតាបប្រាយ៉ា ខេត្តស្រះកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការនាថ្ងៃស្អែកនេះហើយ៕