អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្រុងប៉ោប៉ែត ម្នាក់ទៀតហើយនៅវេលាទៀបភ្លឺ ថ្ងៃទី១៣ ខែឧសភា នេះ
ខេត្តបន្ទាយមានជ័យ៖នៅវេលាម៉ោង០៦ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ម្នាក់ទៀតហើយទៅលើស្ត្រីម្នាក់ឈ្មោះ យឹម យឿន ភេទស្រី អាយុ ៧០ឆ្នាំ មានទីលំនៅភូមិគីឡូម៉ែតលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះគឺជាករណីទី៤ ហើយសម្រាប់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩។
ពាក់ព័ន្ធទៅនឹងការទទួលមរណៈភាពអ្នកជំងឺកូវីដ១៩ខាងលើនេះដែរ បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ពាក់ព័ន្ធករណីស្ត្រីជនជាតិខ្មែរជាអ្នកជំងឺខាងលើ បានចូលមកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ បង្អែកប៉ោយប៉ែត ដោយមានរោគសញ្ញា ក្អក ក្តៅខ្លួន ហត់ខ្លាំង ការពិនិត្យវត្ថុសំណាកដោយធ្វើតេស្ដរហ័ស (Rapid Test) មានវិជ្ជមានកូវីដ-១៩(+) បន្ទាប់មកបានថតកាំរស្មីអ៊ិច កាបូមឈាមវិភាគ ហើយការកំណត់ រោគវិនិច្ឆ័យអ្នកជំងឺ រលាកសួតធ្ងន់ធ្ងរ និងមានវិជ្ជមានកូវីដ-១៩ (Pneumonia Grave + Rapid Test Covid-19 Positive) ហើយក៏បានបញ្ជូនទៅកាន់កន្លែងព្យាបាលជំងឺកូវីដ-១៩ ព្រមទាំងធ្វើការជួយសង្គ្រោះ និងព្យាបាលទៅតាមលក្ខណៈបច្ចេកទេសរួមទាំងការជួយសង្គ្រោះផ្លូវដង្ហើម និងការប្រើប្រាស់ឱសថ។
លុះដល់នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង៥ :០០នាទីទៀបភ្លឺ អ្នកជំងឺមានសភាព ហត់ដង្ហក់ខ្លាំង ចង្វាក់បេះដូងដើរញាប់ បបូរមាត់ឡើងស្វាយប្រស្រីភ្នែករីកទាំងសងខាង កំហាប់អុកស៊ីសែន ចុះទាប គ្មានទឹកនោម ហើយក្រុមគ្រូពេទ្យបានជួយសង្គ្រោះ និងព្យាបាល រួមទាំងការជួយសង្គ្រោះផ្លូវដង្ហើម ដោយដាក់ទុយយោដើម្បីសំរួលផ្លូវដង្ហើម (Intubation) និងចង្វាក់បេះដូង ដោយការសង្កាត់បេះដូង (Massage Cardia) រួមផ្សំការប្រើប្រាស់ឱសថតាមលក្ខណៈបច្ចេកទេស ដោយយកចិត្តទុកដាក់អស់ពីលទ្ធភាព ពីសំណាក់ក្រុមគ្រូពេទ្យ នៅតែមិនអាចជួយសង្គ្រោះជីវិតអ្នកជំងឺបាន ហើយគាត់បានទទួលមរណភាព នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៦ និង៣០ នាទីទៀបភ្លឺតែម្តង៕