គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកម៉ូតូសណ្តោងរ៉ឺម៉កដឹកផ្លែស្វាយ បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសស្រាល ០២នាក់ នៅពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកម៉ូតូសណ្តោងរ៉ឺម៉កដឹកផ្លែស្វាយ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៩៧-១៩៨ ស្ថិតក្នុងភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់នៅនឹងកន្លែង និងបុរស០២នាក់ទៀតរងរបួសស្រាល។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក Ford ពណ៌កណ្ដុរប្រមេះ ពាក់ផ្លាកលេខភ្នំពេញ 2AU-9960 បើកបរពីលិចទៅកើត បើកដោយឈ្មោះ ទុយ តុលា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិប្រឡាយធំ ឃុំវាលស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកនឹងម៉ូតូធុនវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានផ្លាកលេខ សណ្ដោងរ៉ឺម៉កដឹកផ្លែស្វាយ បើកពីកើតទៅលិចបណ្តាលឲ្យអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក ឈ្មោះ គឹមអាន កែវឡាយ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិក្បាលហុង ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ (រងរបួសស្រាល) និងអ្នករួមដំណើរជាមួយចំនួន០២នាក់ ១-ឈ្មោះ ឯក គឹមអាន ភេទប្រុស អាយុ៧៩ ឆ្នាំត្រូវជាឪពុក (រងរបួសស្រាល) និង២-ឈ្មោះ ណុប ហ៊ុន ភេទស្រី អាយុ៤៩ឆ្នាំ ត្រូវជាម្ដាយ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីកត្តាមិនប្រកាន់ស្តាំ ។
សពជនរងគ្រោះ ក្រោយពីកើតហេតុសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។ឯមធ្យោបាយទាំង២ត្រូវបានកម្លាំងនគរបាលជំនាញ ប្រគល់ទៅឲ្យការិយាល័យជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕