ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន១២០គ្រួសារ នៅក្រុងតាខ្មៅ ទទួលបានអំណោយពីរដ្ឋបាលខេត្តកណ្ដាល
ខេត្តកណ្តាល៖នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារ អញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន១២០គ្រួសារ ក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់ក្រុងតាខ្មៅ រយៈពេល២១ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។
នាឱកាសនោះឯកឧត្តមអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ នាយករដ្ឋមន្ត្រី តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសស្ថិតក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងទៅនឹងមេរោគដ៏កាចសាហាវ កូវីដ-១៩ ហើយក្រុងតាខ្មៅ នៃខេត្តកណ្ដាល ត្រូវបានរាជរដ្ឋាភិបាលសម្រេចបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ទើបតម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាល ផ្ដល់នូវស្បៀងអាហារជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងមានជីវភាពខ្វះខាតជាក់ស្ដែងនៅពេលនេះ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់ស្បៀងអាហារឡើយ។
ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តអោយត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ ដើម្បីបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដើម្បីឈានទៅដល់ការបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈឲ្យបាននាពេលខាងមុខ។
អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋ ទាំង១២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ១០គីឡូ មី ១កេស និងត្រីខ ២យួរ ៕