កម្លាំងយោធភូមិភាគទី៥ ស្លៀកឈុតសម្លៀកបំពាក់ពណ៌ស ត្រៀមចុះរៀនសូត្រពីក្រុមគ្រូពេទ្យ ដើម្បីយកទៅអនុវត្តបន្ត
ខេត្តបន្ទាយមានជ័យ៖ក្នុងឱកាសអញ្ជើញចុះពិនិត្យដល់កម្លាំងយោធភូមិភាគទី៥ ស្លៀកសម្លៀកបំពាក់ឈុតពណ៌ស ត្រៀម ចុះរៀនសូត្រពីក្រុមគ្រូពេទ្យ នៅមណ្ឌលចត្តាឡីស័កកងវ៉ា ស្ថិតនៅក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលខេត្ត ,លោកឧត្តមសេនីយ៍ទោ មេបញ្ជាការរង ភូមិភាគទី៥ និងជាមេបញ្ជាការទិសទី១ បន្ទាយមានជ័យ ,លោកឧត្តមសេនីយ៍ត្រី មេបញ្ជាកាកងរាជអាវុធហត្ថខេត្ត, លោកមេបញ្ជាការកងពលតូចលេខ៥១ ,លោកមេបញ្ជាការតំបន់ប្រតិបការសឹករងខេត្តផងនោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃសាកល្បងជាលើកទី២ហើយ របស់ក្រុមគ្រូពេទ្យកងពលតូចលេខ៥១ នឹងក្រុមគ្រូពេទ្យតំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ ចុះអនុវត្តយកសំណាក រកមេរោគកូវិដ១៩ ហើយកម្លាំងទាំងអស់នេះ នឹងចុះអនុវត្តជាក់ស្ដែងនៅក្រុងប៉ោយប៉ែត និងត្រៀមកងកម្លាំងយោធភូមិភាគទី៥ ស្លៀកឈុតសម្លៀកបំពាក់ពណ៌ ស ចុះមករៀនសូត្រពីក្រុមគ្រូពេទ្យ ដើម្បីយកទៅអនុវត្តបន្ត។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បន្តថា តាមបទបញ្ជាថ្នាក់លើបានឲ្យកម្លាំងក្រុមគ្រូពេទ្យយោធាទាំងអស់ដែលចំណុះឲ្យទិសទី១ យោធភូមិភាគទី៥ រួមមានអង្គភាពកងពលតូចថ្មើរជើងលេខ៥១ និងតំបន់ប្រតិបត្តិការសឹករងខេត្ត ធ្វើការហ្វឹកហ្វឺនបច្ចេកទេសយកសំណាក និងរបៀបព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយអនុវត្តជាក់ស្តែងនៅមណ្ឌលចត្តាឡីស័កកងវ៉ាតែម្តង។វគ្គហ្វឹកហ្វឺននេះក្រោមកិច្ចសហការជួយបណ្តុះបណ្តាលពីក្រុមគ្រូពេទ្យជំនាញ របស់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមដោះស្រាយបញ្ហាការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងក្រុងប៉ោយប៉ែត។ក្នុងនោះយោធភូមិភាគទី៥ ក៏បានត្រៀមខ្លួនរួចរាល់ក្រុមគ្រូពេទ្យ មធ្យោបាយ សម្ភារ សម្រាប់ចល័តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម តាមបទបញ្ជារបស់ថ្នាក់លើផងដែរ។
លោកឧត្តមសេនីយ៍ទោ បានគូសបញ្ជាក់ថា ក្នុងគ្រាដ៏លំបាកនេះ យើងត្រូវរួមគ្នាគិត រួមគ្នាធ្វើ ទទួលខុសត្រូវ និងដោះស្រាយឲ្យបានលឿន ទាន់ពេលវេលានៅជំងឺឆ្លងរីករាលដាលនេះ។ស្ថិតនៅក្នុងស្ថានភាពនេះ កងទ័ពមានភារកិច្ចចូលរួមជួយ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំកងទ័ពគ្រប់លំដាប់ថ្នាក់ ជាពិសេសតាមបទបញ្ជារបស់ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ប្រើប្រាស់ឲ្យអស់លទ្ធភាព តាមសំណូមពរគណៈបញ្ជាការឯកភាពខេត្តផងដែរ៕