បញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួចម៉ាស៊ីនត្រជាក់ចំនួន០២គ្រឿង និងម៉ូទ័របូមទឹកចំនួន០១គ្រឿង
ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីទទួលបានពាក្យបណ្តឹកពីឈ្មោះស៊ូ វួចស៊ីម ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធទៅនឹងករណីចោរលួចម៉ាស៊ីនត្រជាក់ចំនួន០២គ្រឿង និងម៉ូទ័របូមទឹកចំនួន០១គ្រឿង កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នោះលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាត់តាំងកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់មានឈ្មោះ រី រិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត និងឈ្មោះ យ៉ន មិថុនា ហៅម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ គ្មានទីលំនៅពិតពិតប្រាកដ ព្រមទាំងដកហូតវត្ថុតាងខាងលើបានភ្លាមៗរួចបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរចម្លើយ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួចមក ជនសង្ស័យឈ្មោះ រី រិទ្ធ បានឆ្លើយសារភាពថា រូបខ្លួនតែងតែដើរលួចទ្រព្យសម្បត្តិរបស់អ្នកភូមិជាប្រចាំ ដើម្បីយកមកលក់បានប្រាក់យកមកស៊ីចាយផង និងទិញថ្នាំញៀនមកប្រើប្រាស់ផង លុះវេលាម៉ោងប្រហែល០៣ទៀបភ្លឺ ថ្ងៃខែខាងលើខ្លួនបានយកឧបករណ៍សម្រាប់ប្រើប្រាស់ចូលទៅលួចដោះយកម៉ាស៊ីនត្រជាក់បានចំនួន០២គ្រឿង និងម៉ូទ័របូមទឹក០១គ្រឿងនៅផ្ទះរបស់ដើមបណ្ដឹងខាងលើពិតប្រាកដមែន ពេលលួចដោះបានអស់ហើយ ខ្លួនក៏បានទៅហៅឈ្មោះ ម៉ាប់ (យ៉ន មិថុនា) ជាបក្សពួករបស់ខ្លួនឱ្យមកជួយជញ្ជូនឥវ៉ាន់ដែលខ្លួនលួចបានយកទៅលាក់ទុកក្នុងគុម្ពោតព្រៃនៅម្ដុំដីស ដើម្បីទុកលក់នៅពេលក្រោយ ស្រាប់តែកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនបានតែម្ដង។
ដោយផ្អែកលើពាក្យបណ្ដឹង និងចម្លើយសារភាពរបស់ជនសង្ស័យ រួមទាំងមានវត្ថុងតាងផងនោះ ទើបកម្លាំងជំនាញព្រហ្មទណ្ឌមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ចំណែកវត្ថុតាងដែលដកហូតបានត្រូវបានកម្លាំងអាវុធហត្ថក្រុងប្រគល់ឱ្យម្ចាស់ដើមវិញ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដើម្បីចាត់ការបន្តនិតិវិធីច្បាប់៕