អាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយពីភ្លៀងធ្លាក់កក់ខែមួយមេលាយឡំដោយខ្យល់កន្ត្រាក់
ខេត្តបន្ទាយមានជ័យ៖ភ្លៀងធ្លាក់កក់ខែមួយមេលាយឡំដោយខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋនៅតាមជួរមាត់អូរ បន្ទាត់ព្រំដែនកម្ពុជា-ថៃចំនួន១៩ខ្នង រងការខួចយ៉ាងដំណុំដោយរបើកដំបូលផ្ទះស័ង្កសី និងទ្រព្យសម្បត្តិមួយចំនួន ព្រមទាំងរថយន្តលុចស៊ី៤៧០មួយគ្រឿងបែកកញ្ចក់ផងដែរ រីឯផ្សាររាត្រី រងការខួចខាតយ៉ាងដំណុំ និងផ្សារផារ៉ាមិច ខាងក្រោយកាស៊ីណូផ្កាយ៥ ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដួលរលំទាំងស្រុង បណ្តាលឲ្យមនុស្សចំនួន៥នាក់រងរបួសដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
បើតាមអាជីវករដែលលក់ដូរនៅក្នុងផ្សារស្តាមិច បានឲ្យដឹងថា ដោយសារតែខ្យល់កន្ត្រាក់ខ្លាំងពេកដែលមិនធ្លាប់ជួប បណ្តាលឲ្យដួលរលំផ្សារទាំងស្រុងគ្របពីលើមនុស្សប្រមាណជាង៥០នាក់ តែសំណាងល្អមិនមានអ្នកបាត់បង់ជីវិត គ្រាន់តែរងរបួសអ្នករត់ម៉ូតូឌុបម្នាក់ របួសត្រង់ចិញ្ចើមដេជាង១០ថ្នេ ,លោកយាយអាយុប្រមាណជាង៦០ឆ្នាំម្នាក់សន្លប់ , ក្មេងប្រុសម្នាក់របួសចំក្បាលនិងក្មេងស្រីម្នាក់នៅផ្សារអគ្គៈសន្លប់ផងដែរ។
លុះព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត រួមដំណើរដោយលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត លោកចៅសង្កាត់ប៉ោយប៉ែត កងកម្លាំងកងពលតូចលេខ៥១ សឹករងក្រុង វរៈនគរបាល៩១១ កងរាជអាវុធហត្ថក្រុង អធិការដ្ឋាននគរបាលក្រុង ក្រុមប្រឹក្សាសង្កាត់ អង្គភាពភូមិ និងប្រជាការពារភូមិ បានអញ្ជើញចុះពិនិត្យជាក់ស្តែង និងជួយជួសជុលផ្ទះរួចទាំងស្រុង បានចំនួន១៩ខ្នង អស់សង្កសីចំនួន២១៧សន្លឹក ឈើ ដែក លួស មួយចំនួន។ដោយឡែកផ្សារផារាមិចនិងផ្សាររាត្រី ខាងក្រុមហ៊ុនកាស៊ីណូជាអ្នកជួសជុល។
លោក គាត ហ៊ុល អភិបាលក្រុងបញ្ជាក់ថា ផ្សារផារ៉ាមិច ត្រូវដួលរលំខូចខាតទាំងស្រុង ឯផ្ទះប្រជាពលរដ្ឋចំនួន១៩ខ្នង រងការខូចខាតដោយរបើកដំបូលសង្កសី ចំណែកតូបលក់នៅផ្សាររាត្រី ដែលមានទំហ៊ុំ ២គុណ២ម៉ែត្រ ចំនួន១០០តូបរងកាខូចខាតផងដែរ។
ពាក់ព័ន្ធទៅនឹងគ្រោះធម្មជាតិនេះដែរ បើតាមលោក ឈុន ប៊ុនថា សមាជិកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យបានឲ្យដឹងថា សម្រាប់ទូទាំងខេត្ត មានតែនៅក្រុងប៉ោយប៉ែតតែប៉ុណ្ណោះ ដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន១៩ខ្នង និងផ្សាររាត្រីរងការខូចខាត ដោយឡែកផ្សារផារ៉ាមិច ដួលរលំខូចខាតអស់ទាំងស្រុង តែមិនមានអ្នកបាត់បង់ជីវិតនោះទេ គ្រាន់តែរងរបួសតែប៉ុណ្ណោះ៕