ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសូទ្រនិគម យកអំណោយមនុស្សធម៌ ជូនដល់គ្រួសារដែលភ្លើងឆេះផ្ទះ
ខេត្តសៀមរាប៖លោក ម៉ក់ ប្រុស ប្រធានគណៈកម្មាធិការអនុសាខា និងលោកស្រី ងិន មុំ ប្រធានគណៈកិត្តិយសអនុសាខា ស្រុកសូទ្រនិគម នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់គ្រួសារលោក ជា ទូ ភេទប្រុស អាយុ៥៥ឆ្នាំ និងប្រពន្ធឈ្មោះ ផម លាង អាយុ៥៦ឆ្នាំ មានសមាជិកចំនួន៨នាក់ ស្រី៣នាក់ នៅភូមិត្រពាំងព្រៃ ឃុំកៀនសង្កែ ដែលរងគ្រោះដោយអគ្គិភ័យភ្លើងឆេះផ្ទះអស់ទាំងស្រុងកាលពីយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ កន្លងទៅបណ្ដាលមកពីការឆ្លងចរន្តអគ្គីសនី។
ក្នុងឱកាសនោះក្រុមការងារក៏សូមចូលរួមសោកស្ដាយជាពន់ពេក ចំពោះឧបទ្ទវហេតុនេះ បណ្ដាលឱ្យខាតបង់ទ្រព្យសម្បត្តិ និងលំនៅដ្ឋានដ៏កក់ក្ដៅនេះ។ន្ថែមលើសនេះទៀត ក៏បានក្រើនរលឹកដល់បងប្អូនទាំងអស់ ត្រូវថែរក្សាសុខភាព ក៏ដូចជាអាជ្ញាធរភូមិឃុំ នៅតែបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តតាមវិធានការណ៍ការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន។
អំណោយដែលត្រូវផ្តលជូនរួមមាន អង្ករ៥០គីឡូក្រាម មី១កេស ទឹកត្រី២យួរ កៅស៊ូតង់១ ធុងទឹក១ ធុងទឹកកក១ ចានដែកធំ១ គម្របបាយ កញ្ច្រែង ឆ្នាំងដាំបាយ ឆ្នាំងសម្លរ ចាន ស្លាបព្រា ធុងទឹកក្ដៅ វែកបាយ -សម្លរ ចង្អើរអាំងត្រី បោយដងទឹក មុង១ ភួយ១ សារុង១ ក្រមារ១ កន្ទេល១ និងថវិកាចំនួន១០ម៉ឺនរៀលផងដែរ៕