ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជាបងប្អូនជនរងគ្រោះ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ យកម៉ូតូ និងទូរស័ព្ទទៅបញ្ចាំយកលុយ
ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យដែលក្លែងបន្លំជាបងប្អូនជនរងគ្រោះ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបានលើកបុរសជាជនរងគ្រោះដាក់លើម៉ូតូកង់បី ដើម្បីដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ បន្ទាប់មករូបគេបានយកម៉ូតូ និងទូរស័ព្ទដៃពីជនរងគ្រោះធ្វើជាជិះតាមពីក្រោយ នៅពេលជិះបានបន្តិចក៏បានជិះគេចខ្លួន ហើយយកម៉ូតូនោះទៅបញ្ចាំជាមួយសន្តិសុខម្នាក់ នៅយាមក្លឹបកំសាន្តថាច់ដោនបានប្រាក់ថៃចំនួន៧,០០០បាត(ប្រាំពីរពាន់បាត) ស្មើនឹងជាង ៩សែនរៀលនោះ ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ចុះធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី០៣ ខែមេសា វេលាម៉ោង១៤និង៣០នាទី ទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ វ៉ាន់ វុធ ភេទប្រុស អាយុ២៩ឆ្នាំ ហើយបញ្ជូនមកមូលដ្ឋានអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរចម្លើយ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់ជនរងគ្រោះមែន។
លោកមេបញ្ជាការក្រុងបានឲ្យដឹងថា ការចុះស្រាវជ្រារហូតចាប់ឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ភឹង ឌី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ស្ដីពីករណីបាត់ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ពាក់ស្លាកលេខ សៀមរាប 1D-8775 នៅចំណុចមុខធនាគារអេស៊ីលីដា ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ក្នុងខណ:ពេលរូបខ្លួនបានជួបគ្រោះថ្នាក់ចរាចរ នៅថ្ងៃ០១ ខែមេសា វេលាម៉ោង០១និង១០នាទីយប់ និងទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តផងនោះ លោកក៏បានចាត់តាំងកម្លាំងឱ្យបន្តចុះទៅដល់កន្លែងអ្នកទទួលបញ្ចាំ ពេលកម្លាំងទៅដល់ស្រាប់តែសន្តិសុខរូបនោះបានដឹងខ្លួនហើយរត់គេចខ្លួនបាត់ បន្ទាប់សមត្ថកិច្ចរកឃើញម៉ូតូដែលមានភិនភាគដូចក្នុងពាក្យបណ្ដឹងខាងលើ ហើយយកមករក្សាទុកនៅមូលដ្ឋានអាវុធហត្ថក្រុង។
លោកមេបញ្ជាការក្រុងបញ្ជាក់ថា ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ ព្រមទាំងរកឃើញវត្ថុតាងផងនោះ កម្លាំងនាញព្រហ្មទណ្ឌអាវុធហត្ថ ក្រុងបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្ថខេត្តចាត់ការបន្ត ចំណែកម៉ូតូដែលដកហូតបានត្រូវបានកម្លាំងជំនាញក្រុងប្រគល់ឱ្យម្ចាស់ដើមវិញហើយ។ដោយឡែកជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ដើម្បីចាត់ការបន្តតាមនិតិវិធី៕