ប្តីចិត្តឃោរឃៅម្នាក់ បានគាំងបេះដូងស្លាប់ក្រោយការឃាត់ខ្លួន ក្នុងករណីរាយខ្សែភ្លើងដាក់ឲ្យឆក់ប្រពន្ធស្លាប់នៅលើផ្ទះ
ខេត្តបាត់ដំបង:នគរបាលបាលប្រាប់ឲ្យដឹងថា ហេតុការណ៍ឃាតកម្មដ៏កម្រនេះបានកើតឡើងនៅអំឡុងវេលាម៉ោង ២:៣០នាទីរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
ជនរងគ្រោះប្រពន្ធបានស្លាប់នៅលើផ្ទះមានឈ្មោះជា ចាន់រតនា អាយុ៣០ឆ្នាំ ចំណែកឯប្តីចិត្តកំណាចមានឈ្មោះពេជ្រ ធារ៉េត អាយុ៣១ឆ្នាំ មុខរបរជាងដែក មានកូនស្រីចំនួន២នាក់។
ប្រភពប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ប្តី ប្រពន្ធអភ័ព្វខាងលើការរស់នៅជាមួយគ្នាមិនមានភាពចុះសម្រុងនឹងគ្នាឡើយ ដោយឈ្លោះប្រកែកគ្នាជាប្រចាំ ដោយសារប្តីប្រកាន់ដើរផឹកស៊ីស្ទើររាល់ថ្ងៃ និងប្រើប្រាស់គ្រឿងញៀន ពេលត្រឡប់មកដល់ផ្ទះវិញតែងតែរករឿងប្រពន្ធកូនជាបន្តបន្ទាប់។
ការឈឺចាប់ និងភាពអស់ជំនឿនេះបានបង្ខំចិត្តឲ្យជនរងគ្រោះជាប្រពន្ធអស់ការអត់ធ្មត់សុំលែងលះគ្នា ហើយក៏បានទៅរស់នៅជាមួយម្តាយជាបណ្តោះអាសន្ន នៅក្នុងភូមិបោះពោធិ៍ ជាមួយគ្នា។អស់ជម្រើសបុរសជាប្តីបានតខ្សែភ្លើងពង្រាយកាត់ទទឹងផ្ទះខ្វាត់ខ្វែងលុះនៅថ្ងៃកើតហេតុប្រពន្ធបានលបមកយកខោអាវនៅលើផ្ទះដោយទាញជញ្ជាំងសង្ក័សីលូនចូលក៏ឆក់ស្លាប់តែម្តង។
ប្រភពដដែលបន្ថែមថា ភ្លាមៗក្រោយពេលអ្នកស្រុកដឹងថា ជនរងគ្រោះជាប្រពន្ធបានស្លាប់ដោយសារផែនការប្តីក៏ទៅប្តឹងនគរប៉ុស្តិ៍ និងនគរបាលស្រុក ហើយកម្លាំងនគរបាលក៏បានចុះសាកសួរជនដៃដល់ រួចឃាត់ខ្លួនយកទៅឃុំខ្លួនបណ្តោះអាសន្នក្នុងបន្ទប់ឃុំឃាំងតែម្តង មិនបានប៉ុន្មានម៉ោងផងកម្មពារតាមទាន់បុរសជាប្តីបានរងការឈឺចាប់រហូតគាំងបេះដូងដល់ស្លាប់ តាមក្រោយប្រពន្ធទៀត។
ក្រោយជួបហេតុការណ៍បែបនេះ នគរបាលមូលដ្ឋាន បានបញ្ជូនសាកសពបុរសជាប្តីទៅប្រគល់ឲ្យសាច់ញាតិ ដើម្បីធ្វើពិពីបុណ្យរួមជាមួយគ្នាតែម្តងនៅថ្ងៃទី៤ ខែមេសា ឆ្នាំ ២០២១នេះ៕