សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នាំយកអំណោយផ្តល់ជូនបុរសម្នាក់ ដែលកំពុងសង្គ្រោះនៅឯមន្ទីពេទ្យ បន្ទាប់ពីបើកត្រាក់ទ័រភ្ជួរដីចម្ការ ប៉ះចំមីនតោន
ខេត្តប៉ៃលិន៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់អភិបាលរង និងជាអនុប្រធានសាខា និងមានការអញ្ជើញចូលរួមពី អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អញ្ជើញចូលរួមរំលែកទុក្ខលំបាក និងនាំយកថវិកាសង្គ្រោះបន្ទាន់ចំនួន ៣លានរៀល ជូនដល់លោក បន ក្លឹម អាយុ៣១ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីបានផ្ទុះមីនតោនសល់ពីសង្គ្រាម ក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ។
បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយមានការតាមដានយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ តបតាមការផ្តាំផ្ញើពីលោកជំទាវ ផងដែរ។
សូមបញ្ជាក់ផងដែរថា ជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដោយសារមានសភាពរបួសធ្ងន់ពេក ក៏ត្រូវបានគ្រូពេទ្យបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង ខណ:ជនរងគ្រោះបើកត្រាក់ទ័រស៊ីឈ្នួលភ្ជួរដីឱ្យអ្នកភូមិម្នាក់ បម្រុងដាំដំឡូងមីដូចសព្វមួយដង ក៏ ជាន់ទៅលើគ្រាប់មីនតោន ដែលសេសសល់ពីសម័យសង្គ្រាម ផ្ទុះយ៉ាងកក្រើក បណ្តាលឱ្យរងរបួសធ្ងន់ និង ខូចខាតត្រាក់ទ័រផ្នែកខាងមុខ បែកកង់ខាងស្តាំខ្ទេចខ្ទីតែម្តងកាលពីវេលាម៉ោង៩ និង០០នាទីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅចំណុចភ្នំស្ពុង ក្នុងចំការដំឡូងមី នៅភូមិអូរឬស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕