ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីសុំខ្ចីម៉ូតូគេមួយភ្លែត បែជាយកទៅលក់នៅម្ដុំផ្សារឃ្លាំងរំសេវ ក្រុងភ្នំពេញ រួចគេចខ្លួនមកខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីឈ្មោះ ទុយ សុធា ហៅទូច ភេទប្រុស អាយុ៣២ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថាឈ្មោះ កូវ រឹម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លៀង រាជធានីភ្នំពេញ បានខ្ចីម៉ូតូ០១គ្រឿងម៉ាកហុងដា PCX ពណ៌ស លាយពណ៌ទឹកក្រូច ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ1GU-5061 ដោយប្រាប់ម្ចាស់ម៉ូតូថា ជិះទៅខ្ចីលុយគេនៅម្ដុំសង្កាត់ទឹកថ្លាមួយភ្លែត ហើយគេចខ្លួនបាត់ ក្រោយមកទើបដឹងតម្រុយថា ជនសង្ស័យឈ្មោះ កូវ រឹម គេចខ្លួនមកខេត្តបន្ទាយមានជ័យ ក្រោយមកជនសង្ស័យបានដាក់ពាក្យបណ្ដឹងនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តបន្ទាយមានជ័យ លុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធខេត្ត ទើបកម្លាំងជំនាញព្រហ្មទណ្ឌអាវុធហត្ថខេត្ត សហការជាមួយកម្លាំងព្រហ្មទណ្ឌអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការស្រាវជ្រាវ និងរុករកគ្រប់ច្រក ទើបឃាត់ខ្លួនបានជនសង្ស័យបនៅចំណុចស្ថានីយ៍ប្រេងឥទ្ធន:កែងផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៥៨ ផ្លូវទៅស្រុកម៉ាឡៃ ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនមកការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្ត ដើម្បីសាកសួរចម្លើយ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា តាមការរៀបរាប់របស់ដើមបណ្ដឹងថា នៅវេលាម៉ោងប្រហែល០៨ព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កូវ រឹម បានខ្ចីម៉ូតូខ្លួនដែលមានភិនភាគខាងលើដែលខ្លួនបានផ្ញើបងប្រុសជីដូនមួយរបស់គេឈ្មោះ ប៉ាត់ ហឿន រស់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយថាជិះទៅខ្ចីលុយគេមួយភ្លែត ដោយបាត់យូពេកឈ្មោះ ទុយ សុធា និងបងប្រុសជីដូនមួយបានតេទូរស័ព្ទរក ហើយឈ្មោះ កូវ រឹម បានប្រាប់ថារូបគេនៅម្ដុំធនាគារអេស៊ីលីដាក្បែផ្សារសមជូរី ពេលនោះខ្លួននិងបងប្រុសរបស់ខ្លួនបានទៅរកតែពុំឃើញ ហើយបានតេទូរស័ព្ទរកម្ដងទៀតចូលតែមិនលើករហូត។ក្រោយមកទើបដឹងតម្រុយថា ជនសង្ស័យឈ្មោះ កូវ រឹម គេចខ្លួនមកខេត្តបន្ទាយមានជ័យ ទើបខ្លួនមកដាក់ពាក្យបណ្ដឹងនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តតែម្ដង ។
លោកបន្តថា ជនសង្ស័យឈ្មោះ កូវ រឹម ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា ខ្លួនគេពិតជាបានខ្ចីម៉ូតូពីឈ្មោះ ប៉ាត់ ហឿន ហើយយកទៅដាក់បញ្ចាំនៅម្ដុំផ្សារឃ្លាំងរំសេវបានប្រាក់ចំនួន១,០០០ដុល្លារសហរដ្ឋអាមេរិក ក្រោយមកខ្លួនបានទៅលក់ម៉ូតូនោះផ្ដាច់បានប្រាក់ចំនួន៤០០ដុល្លារបន្ថែមទៀត លុះដល់ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ រូបគេបានជិះរថយន្តឈ្នួលដើម្បីគេចខ្លួនមកដេកនៅខេត្តបាត់ដំបងមួយយប់ ហើយព្រឹកឡើងថ្ងៃទី០២ រូបគេមានបំណងជិះរថយន្តឈ្នួល ដើម្បីគេចខ្លួនបន្តទៀតទៅស្រុកម៉ាឡៃ តែពេលមកដល់ចំណុចកែងការ៉ាស់សាំងផ្លូវចូលទៅស្រុកម៉ាឡៃត្រូវបានកម្លាំង អាវុធហត្ថឃាត់ខ្លួនបានតែម្ដង ។
ដោយផ្អែកលើបណ្ដឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ ជនសង្ស័យឈ្មោះ កូវ រឹម ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ៕