ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធទៅនឹងករណីលួចម៉ូតូ
ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យម្នាក់ ត្រូវកម្លាំងកងរាជអាវុធអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង១៧និង០០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នៅចំណុចស្ថានីយ៍រថភ្លើង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ឡាត់ ភី ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ០១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1A-7527 នៅចំណុចម្ដុំបរិវេណកាស៊ីណូផ្កាយ៥។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ការចុះឃាត់ខ្លួនជនសង្ស័យ បានធ្វើឡើងក្រោយពីទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកបានដឹកនាំកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ HERY ANTO (ហៀរី អាន់តូ) ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី រស់នៅក្នុងក្រុងប៉ោយប៉ែត និងដកហូតវត្ថុងតាងម៉ូតូនៅចំណុចខាងលើ ហើយបញ្ជូនមកបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជំនាញព្រហ្មទណ្ឌអាវុធហត្ថក្រុង ជនសង្ស័យបានឆ្លើយសារភាពថា នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃ ខែ ដដែររូបគេបានជិះម៉ូតូឌុបធ្វើដំណើរពីកាស៊ីណូផារ៉ាមិក សំដៅទៅកាស៊ីណូហាយសូ១៨ជាន់ ពេលទៅដល់់ពាក់កណ្ដាលផ្លូវចំណុចកាស៊ីណូផ្កាយ៥ រូបគេក៏ឈប់នៅទីនោះ ហើយដើរបានបន្តិចក៏ប្រទះឃើញម៉ូតូ០១គ្រឿង ដែលចតនៅមុខកាស៊ីណូ ដោយមានសោរជាប់នៅហ្នឹងម៉ូតូស្រាប់ ពេលនោះរូបគេមានឱកាសក៏លួចយកម៉ូតូនោះតែម្ដង ហើយជិះចេញទៅមានបំណងយកទៅលក់យកប្រាក់ ពេលជិះទៅដល់ចំណុចស្ថានីយ៍រថភ្លើង ត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួនបានតែម្ដង។
ដោយផ្អែកតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ ព្រមទាំងមានវត្ថុតាងផងនោះ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្ថខេត្តចាត់ការបន្ត ចំណែកម៉ូតូដែលដកហូតបានត្រូវបានកម្លំាងអាវុធហត្ថក្រុង ប្រគល់ឱ្យម្ចាស់ដើមវិញហើយ។បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌអាវុធហត្ថ ខេត្ត បញ្ជូនទៅសាលាដំបូងនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធី៕