បុរសម្នាក់បានស្លាប់យ៉ាងអាណោចអធម៌ ក្រោយពីចុះឆក់ត្រី បណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់
រាជធានីភ្នំពេញ៖បុរសម្នាក់ដោយសារតែជីវភាពខ្វះខាត ឆ្លៀតពេលទៅដើររកឆក់ត្រី ពេលយប់ដើម្បីជីវិត តែដោយអកុសលត្រូវឆក់ស្លាប់ នៅនឹងកន្លែងចោលប្រពន្ធនិងកូននៅក្នុងផ្ទៃទើបតែ៧ខែ ទាំងមិនទាន់បានឃើញមុខកូន កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នៅចំណុចជិតវត្តអង់មេត្រី នៅតាមបណ្តោយផ្លូវបេតុង ស្ថិតនៅក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពមានឈ្មោះ ហ៊ន សុខហេង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករោងចក្រ មានស្រុកកំណើតនៅភូមិរំចេក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលនៅក្នុងសង្កាត់ដង្កោ រាជធានីភ្នំពេញ ឯប្រពន្ធមានឈ្មោះ ប្រាក់ ស្រីទូច ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលជាមួយប្តី។
បើតាមប្រពន្ធជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោង៨និង០០នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដោយប្តីបានប្រាប់ថា មិនបាច់នៅចាំមើលផ្លូវគាត់ទេ គាត់ចេញទៅរកត្រីហើយ ដើម្បីយកមកទុកធ្វើរម្ហូបប្រចាំថ្ងៃ រួចឲ្យប្រពន្ធសំរាកទៅ លុះមកដល់ម៉ោងវេលាខាងលើ ប្រពន្ធឆ្ងល់ចេះតែមិនឃើញប្តីមកវិញ ក៏បានតេទៅបងថ្លៃឲ្យដើររក ស្រាប់តែឃើញប្រទះឃើញដេកស្លាប់នៅក្នុងវាលស្រែ រួចបានរាយការណ៍ ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យភ្លាមៗ។
សមត្ថកិច្ចជំនាញដែលបានចុះទៅធ្វើកុសល្យវិច្ច័យ បានបញ្ជាក់ថា សពបុរសស្លាប់ ដោយសារតែឆក់ខ្សែភ្លើង រួចបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅបូជានៅវត្តឬស្សីសាញ់តាមប្រពៃណី៕