រដ្ឋបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់អ្នកធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ទាំង២៤៤នាក់ ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់
ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីទទួលបានលទ្ធផលនៃការវិភាគវត្ថុសំណាកដោយរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ រហូតដល់២៤៤នាក់សម្រាប់នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាករណីឆ្លងនៅក្នុងសហគមន៍មកនោះ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការនូវរាយនាមអ្នកវិជ្ជមាន និងអំពាវនាវអ្នកដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងដោយប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញ៉ាប់រួសរាន់ទៅ ផ្តល់វត្ថុសំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅទីតាំងដែលអាជ្ញាធរមូលដ្ឋានបានរៀបចំនៅរៀងរាល់ម៉ោង ធ្វើការ រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បន្ថែមទៀត រដ្ឋបាលខេត្ត ស្នើឲ្យអ្នកពាក់ព័ន្ធដទៃទៀត ត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្ដៅយ៉ាងតិច២ដងក្នុងមួយថ្ងៃ ត្រូវសម្រាកនៅផ្ទះបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច ជាមួយគ្នានោះបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សា គម្លាតសុវត្ថិភាពឲ្យបានម៉ឺងម៉ាត់បំផុត។
ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជា ឡើងកម្ដៅលើកពី៣៧អង្សាសេ ក្អក កណ្ដាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម... ។ល។ ត្រូវប្រញ៉ាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់តាមរយៈទូរស័ព្ទលេខ០១២ ៧២៤០៤២ / ០១២ ៩៤៨ ៧៧៩។ជាងនេះទៅទៀតត្រូវបន្តចូលរួមអនុវត្តតាមវិធានការ "៣ការពារ និងកុំ” ជាដាច់ខាត៕