អភិបាលខេត្តកំពង់ចាម នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារគ្រូបង្រៀន០២នាក់ ដែលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះ នៅសង្កាត់បឹងកុក
ខេត្តកំពង់ចាម៖គ្រួសារគ្រូបង្រៀន០២នាក់(ម្នាក់ចូលនិវត្តន៍) រស់នៅភូមិចុងថ្នល់ សង្កាត់បឹងកុក ក្រុងកំពង់ចាម ត្រូវអគ្គីភ័យឆាបឆេះផ្ទះកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដោយសារតែឆ្លងចរន្តអគ្គិសនី ដែលផ្តើមឆេះពីផ្ទះគ្រូបង្រៀន១ខ្នងទំហំ ៨ម៉ែត្រ គុណ១២ម៉ែត្រ ដែលពុំមានអ្នកស្នាក់នៅ រួចក៏ឆេះរាលមកផ្ទះគ្រូបង្រៀនចូលនិវត្តន៍ ១ខ្នងទៀត ទំហំ ៩ម៉ែត្រ គុណ១៦ ម៉ែត្រ ស្ថិតនៅជាប់គ្នានោះ បានការយកចិត្តដាក់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងនោះក៏មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងដោយមានការនិមន្តចូលរួមពីព្រះមន្ត្រីសង្ឃ នៃសាលាគណខេត្តដឹកនាំដោយព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បាននិមន្ត និងអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន ដើម្បីកាត់បន្ថយការខ្វះខាតមួយគ្រា។
ជាមួយគ្នានោះដែរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានចូលរួមសម្តែងការសោកស្តាយជាពន់ពេក ជាមួយក្រុមគ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុ មិននឹកស្មានដល់នេះ ដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិអស់គ្មានសល់ និងបានពាំនាំនូវប្រសាសន៍ផ្តាំ ផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរបំផុត ពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងតែគិតគូរ បារម្ភ អំពីសុខទុក្ខរបស់បង ប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង រួមទាំងជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ហើយតែងបានចាត់តំណាង នាំយកជំនួយសង្រ្គោះបន្ទាន់ ជួយសម្រាលទុក្ខលំបាក ជូនជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល » ។
ជាងនេះទៅទៀតឯកឧត្តម អភិបាលខេត្ត បានក្រើនរំលឹក បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេស ទារក កុមារ ស្ត្រីមានផ្ទៃពោះ និងមនុស្សវ័យចាស់ ដែលមានហានិភ័យខ្ពស់ សូមលើកកំពស់ការថែទាំសុខភាព ឱ្យបានល្អ រស់នៅត្រូវប្រកាន់ខ្ជាប់អនាម័យស្អាត ៣យ៉ាង ជាពិសេស ត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាពផ្ទាល់ខ្លួនជាប្រចាំ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមវិធានការណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា គឺ«៣កុំ ៣ការពារ » ដើម្បីជៀសអោយផុតពីការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ បម្លែងថ្មី ដ៏កាចសាហាវ នេះ។
អំណោយមនុស្សធម៌ ដែលផ្តល់ជូនទាំង២គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ៥០គក្រ, មីជាតិ ១កេស, ត្រីខ ១យួរ , ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ, ឃីត(មុង ភួយ សារុង ក្រម៉ា ) ១កញ្ចប់, តង់ ១, អាវយឺត ៨, សម្ភារ ផ្ទះបាយ ១សម្រាប់ ព្រមទាំងថវិកា ចំនួន ១,០០០,០០០ រៀល។ ជាមួយនេះ អនុសាខាក្រុង ក៏បានផ្តល់ជូន ក្នុង ១គ្រួសារ នូវ ថវិកា ចំនួន ២០០,០០០រៀល។ដោយឡែក ព្រះសីលសំវរ ព្រះមេគណខេត្ត និង សាលាគណខេត្ត ក៏បានផ្តល់ទានបន្ថែម ដល់គ្រួសាររងគ្រោះទាំង២គ្រួសារ មាន អង្ករ ៧៥០គក្រ, មី ៣កេស, ទឹកត្រី ៣យួរ, ទឹកស៊ីអ៊ីវ ៣យួរ , ទឹកសុទ្ធ ២កេស ,សម្ភារផ្ទះបាយ ៦សម្រាប់ និងបច្ច័យចំនួន ៨១០,០០០រៀលផងដែរ៕