មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ទទួលអំណោយពីម្ចាស់ក្រុមហ៊ុន និងភោជនីយ៍ដ្ឋាន ហ័រ ធៀនហ្សា សម្រាប់ផ្គត់ផ្គង់ដល់កងកម្លាំង នៅតាមគោលដៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងសហការី បានអញ្ជើញទទួលអំណោយពីលោក ម៉ា ទីន និងលោកស្រី ព្រមទាំងលោក ដា លីន ដែលជាម្ចាស់ក្រុមហ៊ុន និងភោជនីយ៍ដ្ឋាន ហ័រ ធៀនហ្សា សម្រាប់យកទៅផ្គត់ផ្គង់ដល់កងកម្លាំងដែលប្រចាំការនៅតាមគោលដៅត្រួតពិនិត្យ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមចំណែកក្នុងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
អំណោយដែលបានឧបត្ថម្ភដល់បញ្ជាការកងរាជអាវុធហត្ថខេត្តមានដូចជា៖អង្ករទម្ងន់៣តោន, អាល់កុលចំនួន៣០កាដុង, ម៉ាស់ចំនួន២០កេសធំ, ត្រីខចំនួន២០កេស, មីចំនួន៤០កេសតូច, ទឹកសុទ្ធចំនួន១០០យួរ និងថវិកាចំនួន១៥លានរៀលផងដែរ។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី បញ្ជាការកងរាជអាវុធហត្ថខេត្ត បានថ្លែងគុណ ដល់ម្ចាស់ក្រុមហ៊ុន និងភោជនីយ៍ដ្ឋាន ហ័រ ធៀនហ្សា និងសហការី ដែលបានជួយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈសម្រាប់បង្ការជំងឺឆ្លងកូវីដ១៩ ទាំងនេះ សម្រាប់ផ្គត់ផ្គង់ដល់កងកម្លាំងដែលកំពុងប្រចាំការនៅតាមគោលដៅត្រួតពិនិត្យ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងសូមជូនពរឲ្យជួបប្រទះតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួនឈ្នះអស់មាសត្រូវ ជាពិសេសជៀសឱ្យផុតពីជំងឺកាចសាហាវទាំងឡាយទាំងពួងផងដែរ។នេះសឲ្យឃើញពីទឹកចិត្តសប្បុរស របស់ម្ចាស់ក្រុមហ៊ុន និងភោជនីយ៍ដ្ឋាន ហ័រ ធៀនហ្សា ដែលបានចូលរួមចំណែកមួយជាមួយអាជ្ញាធរ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់កុំឲ្យមានការរីករាលដាលនៃជំងឺកូវីដ១៩ ទៅកាន់តំបន់ផ្សេងៗទៀត។ក្នុងនោះលោកមេបញ្ជាការក៏បានធ្វើការផ្ដាំផ្ញើដល់ម្ចាស់ក្រុមហ៊ុន ឱ្យអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការណ៍ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ព្រមទាំងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនផងដែរ៕