អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារត្រីមាសទី១ និងទិសដៅសម្រាប់អនុវត្តការងារបន្តត្រីមាសទី២ ឆ្នាំ ២០២១ របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត
ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដាអភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញដឹកនាំប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារត្រីមាសទី១ និងទិសដៅសម្រាប់អនុវត្តការងារបន្តត្រីមាសទី២ ឆ្នាំ ២០២១ របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមន្ត្រីពាក់ព័ន្ធ។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១-របាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាព និងលទ្ធផលសកម្មភាពការងារ ត្រីមាសទី១ និងទិសដៅការងារបន្ត ត្រីមាសទី២ ឆ្នាំ ២០២១
២-របាយការណ៍ ស្តីពីចំណូល ចំណាយ ថវិកា របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ត្រីមាសទី១ ឆ្នាំ ២០២១
៣-ពិនិត្យ ពិភាក្សាលើសេចក្តីអំពាវនាវ កៀរគរមូលនិធិ អបអរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់សាខា ឆ្នាំ២០២១ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាង សកម្ម ធ្វើជាសេនាធិការអោយគណៈ កម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើឲ្យវិស័យស្នូលទាំង ៤ របស់កាកបាទក្រហមកម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ ទោះបីត្រូវប្រឈមនឹងហានិភ័យនៃការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ យ៉ាងណាក្តីក៏យើង បានពុះពារធ្វើសកម្មភាព រហូតសម្រេចបានលទ្ធផល គួរជាទីមោទនភាព ពិសេស ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក" ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពុជា " ។
ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំអំពីការងារមួយចំនួន សម្រាប់អនុវត្តបន្ត ពិសេស ត្រូវយកចិត្តទុកដាក់ បន្តសហការក្នុងការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយការបន្តផ្សព្វផ្សាយ អោយទាំងអស់គ្នា ចូលរួមអនុវត្តវិធានការ " ៣ការពារ ៣កុំ និង២ចូលរួម " របស់រាជរដ្ឋាភិបាលកម្ពុជា និងការណែនាំនានា របស់ក្រសួងសុខាភិបាលដើម្បី កាត់ផ្តាច់ខ្សែចម្លងនៃវីរុសកូរ៉ូណាបម្លែងថ្មី ដ៏កាចសាហាវនេះ ពិសេសខិតខំអត់ធ្មត់ និងរួមគ្នា បញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ៕