សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ទទួលសម្ភារៈសម្រាប់ការពារជំងឺកូវីដ-១៩ និងថវិកា ពីក្រុមហ៊ុន ឌីវេឡុបភើរ អេសអិមលែន ឯ.ក
ខេត្តកណ្តាល៖លោក នូវប៉េង ច័ន្ទតារា តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅរសៀថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយពីលោក អាន មករា តំណាងក្រុមហ៊ុន ឌីវេឡុបភើរ អេសអិមលែន ឯ.ក នូវម៉ាស់ ២៥០០០ម៉ាស់ ទឹកសុទ្ធ៥០កេស និងថវិកា៤លានរៀល ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសក្នុងខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ "ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ"។
នាឱកាសនោះលោក នូវប៉េង ច័ន្ទតារា បានបញ្ជាក់ថា ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ឌីវេឡុបភើរ អេសអិមកែន ឯ.ក ដែលបានបរិច្ចាគនូវសម្ភារៈ និងថវិកា ជួយឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ហើយសាខាសូមសន្យាថា និងយកចិត្តទុកដាក់បំផុតក្នុងការប្រើប្រាស់អំណោយដ៏ថ្លៃថ្លានេះឱ្យមានតម្លាភាព ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្មានការរើសអើងពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមគោលការណ៍ទាំងគ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិនៃកាកបាទក្រហម។
លោកបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់សម្រាប់ការពារមេរោគកូវីដ-១៩ និងថវិកា ដែលក្រុមហ៊ុន ឌីវេឡុបភើរ អេសអិមលែន ឯ.ក បានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ នឹងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ដូចជាទូទាំងប្រទេសកម្ពុជា ពិសេសក្រុងតាខ្មៅ ត្រូវបានរាជរដ្ឋាភិបាល សម្រេចជាតំបន់ដែលត្រូវបានបិទខ្ទប់ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ចេញពីផ្ទះ និងបម្លាស់ទីពីផ្ទះមួយទៅផ្ទះមួយ ឬពីភូមិមួយទៅភូមិមួយឡើយ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ៕