ជនដៃដល់ម្នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីយកកាំបិតខ្វែវកាប់ទៅលើព្រះចៅអធិការវត្តបក្សីចាំក្រុង បណ្តាលឱ្យរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ
ខេត្តពោធិ៍សាត់៖ព្រះចៅអធិការវត្តបក្សីចាំក្រុង ត្រូវបានជនដៃដល់កាប់មួយកាំបិតខ្វែវ ចំក្រោមមាត់ និងដើមដៃខាងស្តាំ បណ្ដាលឱ្យរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ កាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចវត្តបក្សីចាំក្រុង ស្ថិតក្នុងភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយសារតែរឿងគំនុំ។
ករណីហិង្សាមានស្ថានទម្ងន់ ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ឆេង ឆាយ អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ បានយកកាំបិតខ្វែវ កាប់ទៅលើព្រះតេជគុណព្រះនាម ទេព អូច ព្រះជន៥៤វស្សា ជាព្រះចៅអធិការវត្តបក្សីចាំក្រុងចំនួនមួយកាំបិត ចំក្រោមមាត់ និងដើមដៃខាងស្តាំ បណ្ដាលឱ្យរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ។ក្រោយធ្វើសកម្មភាព ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។លុះវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានអាវុធហត្ថស្រុក សហការជាមួយកម្លាំងនគរបាលស្រុក បានចុះប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងកាំបិតខ្វែវចំនួន១ដើម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់បន្តនិតិវិធី៕