អាជ្ញាធរខេត្តបន្ទាយមានជ័យ សម្រេចផ្អាកអាជីវកម្មកាស៊ីណូទាំងអស់ជាបណ្តោអាសន្ន ចាប់ពីពេលនេះរហូតដល់មានការជូនដំណឹងជាថ្មី
ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីចេញសេចក្តីសម្រេចលេខ១១៤/២១ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ស្តីពីការផ្អាកអាជីវកម្មកាស៊ីណូដែលមានអនុស្សារណៈ ជាមួយក្រសួងសុខាភិបាល ជាបណ្តោះអាសន្ន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ និងប្រធានអង្គភាពពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីចាត់វិធានការ អនុវត្តនូវសេចក្តីនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។
ក្នុងសេចក្តីសម្រេច៣ប្រការរួមមាន៖
ប្រការ១ ត្រូវបានបិទអាជីវកម្មកាស៊ីណូដែលមានអនុស្សារណៈ ជាមួយក្រសួងសុខាភិបាល ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ។
ប្រការ២ បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍ ។
ប្រការ៣ នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលក្រុង ស្រុក ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។
សូបបញ្ជាក់ផងដែរថា ក្រោយពីបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្ត បានដឹកនាំប្រធានអង្គភាពពាក់ព័ន្ធទាំងអស់អញ្ជើញចុះពិនិត្យក្រុមគ្រូពេទ្យ ដែលកំពុងយកសំណាកបន្ថែមទៀតលើបុគ្គលដែលសង្ស័យមានការឆ្លងជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតផងដែរ។
ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត នៅតែបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សារអនាម័យ រក្សាកម្លាត កុំព្យាយាមជួបជុំគ្នា ត្រូវពាក់ម៉ាស បាញ់អាកុលឲ្យបានញឹកញាប់ ពិសេសត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺ«៣កុំ និង៣ការពារឲ្យបានខ្ជាប់ខ្ជួន៕