អាជ្ញាធរខេត្តបន្ទាយមានជ័យ សម្រេចផ្អាកជាបណ្ដោះអាសន្ន នូវសកម្មភាពការធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ចាប់ពីម៉ោង២០យប់ ដល់ម៉ោង៥ព្រឹក
ខេត្តបន្ទាយមានជ័យ៖ដើម្បីទប់ស្កាត់កុំឲ្យឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទៅកាន់តំបន់ផ្សេងៗទៀតនោះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចផ្អាកជាបណ្ដោះអាសន្ន នូវសកម្មភាពការធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ចាប់ពីម៉ោង២០ (ម្ភៃ)យប់ ដល់ម៉ោង៥ (ប្រាំ)ព្រឹក ជាកំហិត ដែលមានថិរវេលាអនុវត្តរយៈពេល២ (ពីរ) សប្ដាហ៍ ដោយគិតចាប់ពីម៉ោងសូន្យថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ការដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតនេះ លើកលែងតែចំពោះករណីដូចជា៖
១-ការដឹកជញ្ជូនទំនិញធុនធ្ងន់ពីព្រំដែនថៃ មកព្រំដែនកម្ពុជា និងពីព្រំដែនកម្ពុជា ទៅព្រំដែនថៃ
២-ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារដែលមានលិខិតបញ្ចាក់ ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត
៣-ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថាប័នអង្គភាព
៤-ការធ្វើចរាចររបស់រថយន្តកុងតឺន៍ រថយន្តសម្រាប់បម្រើឲ្យការដឹកជាទំនិញផ្តត់ការដ្ឋានសំណង់ រថយន្តបាញ់បេតុង រថយន្តដឹកជញ្ជូនសំរាម សំណល់រឹង និងសំណលសាស្ត
៥-ការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចផងដែរ។
រដ្ឋបាលខេត្តបញ្ជាក់ទៀតថា បុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារខាងលើ នឹងត្រូវទទួលទោសដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។
សូមបញ្ជាក់ផងដែរថា ក្រោយពីរដ្ឋបាលខេត្តចេញនូវសេចក្តីប្រកាសព័ត៌មាននេះភ្លាម អាជ្ញាធរក្រុងប៉ោយប៉ែតបានឲ្យក្រុមការងារបើករថយន្ត ដោយប្រើឧបករណ៍បំពងសម្លេង(មេក្រូ) ប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋ ស្តីអំពីការបិតខ្ទប់ និងកាណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល គឺ៣កុំ និង៣ការពារ នៅតាមដងផ្លូវសាធារណៈ និងនៅតាមផ្សារក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតផងដែរ៕
ព័ត៌មានលំអិតសូមអាននូរសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តដែលមានដូវខាងក្រោម៖