គណះបញ្ជាការឯកភាព និងអង្គភាពពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យ ដើម្បីពង្រឹងតាមគោលដៅ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អបដំណើរដោយកងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័ន និងប្រធានអង្គភាពពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានបន្តអញ្ជើញចុះត្រួតពិនិត្យនៅតាមទីតាំងគ្រូពេទ្យយកសំណាកលើបុគ្គលដែលជាប់សង្ស័យ មានការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងដាក់កម្លាំងបិទតាមគោលដៅ ដើម្បីបិទខ្ទប់គោលដៅភូមិ-សង្កាត់ និងក្រុង ជាពិសេសបិទខ្ទប់មិនឱ្យប្រជាពលរដ្ឋចេញពីក្រុងប៉ោយប៉ែតទៅក្រុង-ស្រុក ខេត្តផ្សេងទៀត និងពលរដ្ឋមកពីតាមបណ្ដា ក្រុង-ស្រុក នៅបណ្ដាខេត្តផ្សេងទៀតក៏មិនអនុញ្ញាតឱ្យចូលមកក្រុងប៉ោយប៉ែតផងដែរ លើកលែងតែរថយន្តដឹកទំនិញធំៗតែប៉ុណ្ណោះ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ុំ រាត្រី បានបើកកិច្ចប្រជុំពិភាក្សាមួយនៅសាលាក្រុងប៉ោយប៉ែត ដើម្បីចាត់វិធានការ នៃបម្រាមគោចរណ៍ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដោយបិទចាប់ពីម៉ោង២០ ដល់ម៉ោង០៥ព្រឹក ទើបឱ្យប្រជាពលរដ្ឋធ្វើចរាចរឡើងវិញ ដោយគិតចាប់ពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះតទៅរហូតដល់មានការជូនដំណឹងជាថ្មីផងដែរ។
ក្នុងនោះឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ ផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងបំពេញកិច្ចការងារ ប្រចាំការនៅតាមគោលដៅទាំងអស់ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ រក្សាសុខភាព អនាម័យឲ្យបានល្អ បាញ់អាកុលឲ្យបានញឹកញាប់ និងពិសេសការពារ ទប់ស្កាត់ឲ្យបានតឹងរឹងបំផុត ជៀសវាងការចេញចូលរបស់ពលរដ្ឋ ដោយមិនបានដឹង ជាហេតុនាំឲ្យមានការឆ្លងរីករាលដាល នៃជំងឺដូវីដ១៩កាន់តែធំឡើង។
ជាងនេះទៅទៀតឯកឧត្តមអភិបាលខេត្ត នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សារអ នាម័យ រក្សាកម្លាត កុំព្យាយាមជួបជុំគ្នា ត្រូវពាក់ម៉ាស បាញ់អាកុលឲ្យបានញឹកញាប់ ពិសេសត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង៣កុំ»របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕