មន្ត្រីជំនាញចម្រុះខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យការវិចខ្ជប់ និងគុណភាពទៅលើចំណីអាហារ ក្នុងអំឡុងនៃការបិតខ្ទប់ការធ្វើដំណើរបណ្តោះអាសន្ន នៅក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ក្រោយពីមានការបិតខ្ទប់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋជាបណ្តោះអាសន្ន នៅក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏ស្រាប់តែមានបងប្អូនប្រជាពលរដ្ឋមួយចំនួន បាននាំគ្នាទិញគ្រឿងឧបភោគបរិភោគ សម្រាប់ទុកហូប ជាហេតុធ្វើឲ្យអាជីវករមួយចំនួនតូច ពិសេសឈ្មួញកណ្តាលតែម្តងបានឈ្លៀតឱកាសតម្លើងថ្លៃ ជាហេតុនាំឲ្យអ្នកទិញរអូរទាំរហូតមានការបង្ហោះរិះគន់នៅលើបណ្តាញសង្គម និងស្នើឲ្យមានអាជ្ញាធរមានចំណាត់ការថែមទៀតផងនោះ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ មន្ត្រីជំនាញចម្រុះខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងអញ្ជើញចុះទៅត្រួតពិនិត្យការវិចខ្ជប់ ពិសេសគុណភាពចំណីអាហារតែម្តង នៅក្នុងផ្សារត្រីប៉ោយប៉ែត និងផ្សារអគ្គៈថ្មីព្រមទាំងបានធ្វើការណែនាំមិនឲ្យពួកគាត់តម្លើងថ្លៃផងដែរ។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការចុះត្រួតពិនិត្យជាក់ស្តែង នៅផ្សារអគ្គៈថ្មី, ផ្សារត្រីប៉ោយប៉ែត ឃើញថា ទំនិញមួយចំនួនដូចជាៈត្រីខ មី ពងមាន់ ពងទា ត្រីងៀត និងសាច់ជ្រូក មានការឡើងថ្លៃពិតប្រាកដមែន ប៉ុន្តែមិនមែនឡើងគ្រប់តូបនោះទេ អាជីវករមួយចំនួនធំលក់តម្លៃធម្មតាដូចមុន តែក្នុងនោះក៏មានជនឈ្លៀតឱកាសមួយចំនួនបានតម្លើងថ្លៃផងដែរ ដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនរអ៊ូរទាំ សុំឲ្យសមត្ថកិច្ចជំនាញ និងអាជ្ញាធរ ចាត់វិធានការផងដែរ។
ដោយឡែកលោក ប៉ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានបញ្ជាក់ដែរថា ជំហានដំបូងនេះ គឺការចុះអប់រំណែនាំ ដល់អាជីវករឲ្យពួកគាត់មួយចំនួនដែលជាជនឈ្លៀតឱកាសបញ្ឃប់សកម្មភាពបែបនេះ លក់ដូរក្នុងតម្លៃធម្មតាវិញ ដោយដាក់វិធានណែនាំឲ្យអាជីករដាក់ស្លាកតម្លៃលក់ដូរឲ្យបានត្រឹមត្រូវ អាជ្ញាធរ និងមន្ត្រីជំនាញ និងចុះមកពិនិត្យជាប្រចាំផងដែរ។
ពាក់ព័ន្ធបញ្ហានេះ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ដែរថា ទោះជាក្រុងប៉ោយប៉ែត ត្រូវបានបិទខ្ទប់ក្នុងតំបន់មួយចំនួន ក៏ពិតមែន តែផ្សារពុំបានបិទនោះទេ។ ក្នុងនោះលោកក៏បានព្រមានថា បើអាជីវករ ឬជនឈ្លៀតឱកាសណាមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ និងមន្ត្រីជំនាញទេ នៅតែតំឡើងថ្លៃមុខទំនិញខុសពីធម្មតានោះ និងចុះបិទតូបអាជីវករនោះតែម្តង៕