អាជ្ញាធរខេត្ត ក្រុងប៉ោយប៉ែត ព្រមានចាត់វិធានការទៅលើអាជីវកណា ដែលលក់គ្រឿងឧបភោគបរិភោគឡើងថ្លៃ នៅក្នុងអំឡុងបិតខ្ទប់ មិនឲ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀតនោះ
ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងមានការបង្ហោះនៅលើបណ្តាញសង្គមពាក់ព័ន្ធទៅនឹងអាជីវករមួយចំនួនបានលក់ទំនិញជាគ្រឿងឧបភោគបរិភោគ មានការឡើងថ្លៃជាងសព្វមួយដង ខណៈដែលអាជ្ញាធរបានបិតខ្ទប់នៅក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេង បន្ទាប់ពីមានករណីវិជ្ជមានកូវីដ១៩ ទៅលើបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលស្នាក់នៅក្នុងបុរីដួងច័ន្ទរួចមកនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារអញ្ជើញចុះត្រួតពិនិត្យ និងណែនាំដល់អាជីវករនៅតាមផ្សារនីមួយៗឲ្យអនាម័យ ពាក់ម៉ាស បាញ់អាកុលឲ្យបានញឹកញាប់ និងរក្សារកម្លាត ពិសេសអនុវត្តតាមការណែនាំរបស់ក្រសូងសុខាភិបាល និងវិធាការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ«៣កុំ និង៣ការពារ»ឲ្យបានខ្ជាប់ខ្ជួន។ជាងនេះទៅទៀតស្នើអាជីវករទាំងអស់ ពិសេសឈ្មួញកណ្តាល កុំឈ្លៀតឱកាសតម្លើងថ្លៃក្នុងអំឡុងបិតខ្ទប់នេះ។
លុះព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរខេត្ត ក្រុង ទិញជាគ្រឿងឧបភោគ ដាក់ឲ្យក្រុមយុវជនលក់ក្នុងតម្លៃសមរម្យពោលគឺទាបជាងទីផ្សារ នៅចំណុចនៅខាងលិចផ្សារអគ្គៈ(ផ្សារប៉ោយប៉ែតថ្មី) ទល់មុខហាង ថុង វុទ្ធី (មនោរម្យ) ទិញ លក់ គ្រឿងអលង្ការគ្រប់ប្រភេទ សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋដែលជាប់ក្នុងតំបន់បិទខ្ទប់ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត។
បើតាមលោក គាត ហ៊ុល អាភិបាលក្រុងបានបញ្ជាក់ថា គ្រឿងឧបភោគបរិភោគទាំងនេះក្នុងម្នាក់អនុញ្ញាតឱ្យទិញ៖មី ២កេសតូច ស្មើ៦០កញ្ចប់,ត្រីខកំប៉ុង ២យួរ ស្មើ២០កំប៉ុង,អង្ករខ្សាយ ១បាវ ស្មើ៥០គីឡូក្រាម ,ពងទា ១ផ្លា ស្មើ៣០គ្រាប់ ,ពងមាន់ ១ផ្លា ស្មើ៣០គ្រាប់។រីឯតម្លៃវិញ មី ១កេសតូច ស្មើ៣០កញ្ចប់ តម្លៃ ២០,០០០រៀល ,ត្រីខកំប៉ុង ១យួរ ស្មើ១០កំប៉ុង តម្លៃ១៩,០០០រៀល ,អង្ករខ្សាយ ១បាវ ស្មើ៥០គីឡូក្រាម តម្លៃ១២០,០០០រៀល ,ពងទា ១ផ្លា ស្មើ៣០គ្រាប់ តម្លៃ១៣,០០០រៀល ,ពងមាន់ ១ផ្លា ស្មើ៣០គ្រាប់ តម្លៃ១៣,០០០រៀល។
ចំណែកប្រជាពលរដ្ឋដែលនៅចំណុចតំបន់ក្រហម គឺអាជ្ញាធរនឹងជញ្ជូនទៅលក់ដល់កន្លែងតែម្តង ដោយមិនអនុញ្ញាតឲ្យពួកគាត់ដើរចេញក្រៅនោះឡើយ។ក្នុងនោះរដ្ឋបាលក្រុងបានប្រើរថយន្តដាកឧបករណ៍បំពងសម្លេង(មេក្រូ) ប្រកាសបើសិនជាមានប្រជាពលរដ្ឋមានការខ្វះខាតគ្រឿងឧបភោគបរិភោគ និងមានបញ្ហាអ្វីមួយចាំបាច់ ត្រូវរាយការជូនអាជ្ញាធរ មានសមត្ថកិច្ចដែលកំពុងឈរជើងនៅគ្រប់ច្រកល្ហកទាំងអស់ដែលនៅជិតផងដែរ៕