ទីតាំងមួយចំនួនក្នុងភូមិសាស្ត្រសង្កាត់/ក្រុងបោយប៉ែត ត្រូវបានអាជ្ញាធរខេត្ត ក្រុងប៉ោយប៉ែត បិទខ្ទប់ការធ្វើដំណើរចេញ-ចូល បណ្តោះអាសន្ន ដើម្បីទប់ស្កាត់មិនឲ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ សម្រេចបិទខ្ទប់ការធ្វើដំណើរចេញ-ចូល បណ្តោះអាសន្ន លើទីតាំងមួយចំនួនក្នុងភូមិសាស្ត្រសង្កាត់/ក្រុងបោយប៉ែត ដើម្បីទប់ស្កាត់មិនឲ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត ក្រោយពីរកឃើញវិជ្ជមានកូវីដ១៩ ទៅលើបុរសជាជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលបានស្នាក់នៅក្នុងបុរីដួងច័ន្ទ ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត។
បើតាមតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា អាជ្ញាធរសម្រេចបិទខ្ទប់ការធ្វើដំណើរចេញ-ចូល បណ្តោះអាសន្ន លើទីតាំងមួយចំនួនក្នុងភូមិសាស្ត្រសង្កាត់/ក្រុងប៉ោយប៉ែត ដោយគិតចាប់ពីវេលាម៉ោងសូន្យ ថ្ងៃទី២៤ ខែមេសា រហូតថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រ ដែលត្រូវបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ មិនឲ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត។
ទីតាំងដែលត្រូវធ្វើការបិទខ្ទប់នោះរួមមាន៖
១.ប៉ែកខាងជើងផ្លូវជាតិលេខ៥ ចាប់ពីផ្លូវផ្សារអគ្គៈ ប៉ែកខាងលិច រហូតដល់អូរព្រំដែនកម្ពុជា-ថៃ
២.ប៉ែកខាងលិចផ្លូវផ្សារប៉ោយប៉ែតថ្មី(ផ្សារអគ្គៈ)រហូតដល់ព្រំប្រទល់រវាងភូមិសាមគ្គីមានជ័យ និងភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ោយ
៣.ចាប់ពីព្រំប្រទល់ភូមិសាមគ្គីមានជ័យ និងភូមិព្រៃព្រិចសង្កាត់ប៉ោយប៉ែត រហូតដល់ព្រំដែនកម្ពុជា-ថៃ ដោយបានដាក់កម្លាំងយាមកាមគ្រប់ច្រកល្ហកយ៉ាងតឹងរឹងបំផុត។
ជាមួយនឹងការបិតនៅចំណុចក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត នេះដែរនៅឯចំណុចរង្វង់មូលផ្លូវលេខ៥៨ ក្រុងប៉ោយប៉ែតកម្លាំងសមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យទៅលើគ្រប់មធ្យោបាយទាំងអស់ទាំងចេញនិងចូលក្រុង។
លោកឧត្តមសេនីយ៍ត្រី ទន់ រ៉ាឌី ស្នងការរងខេត្តបន្ទាយមានជ័យបានឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែមេសានេះថា រហូតមកដល់ពេលនេះមិនទាន់មានបទបញ្ជាឲ្យបិតក្រុងនៅឡើយទេ គ្រាន់តែទប់ស្កាត់មិនអនុញ្ញាតឲ្យជនបរទេសចេញចូលឡើយ រីឯពលរដ្ឋដែលចេញចូលពីចំណុកក្រហមក៏មិនអនុញ្ញាតឆ្លងកាត់ដែរ តែបើប្រជាពលរដ្ឋដែលរស់នៅក្បែរៗតំបន់ត្រួតពិនិត្យនេះ មិនមានការពាក់ពន្ធ័ឬសង្ស័យលើចំណុចក្រហមករណីជំងឺឆ្លងកូវីដ១៩ នោះក្រោយពីពិនិត្យយ៉ាងយកចិត្តដាក់រួចក៏ឲ្យពួកគាត់ធ្វើដំណើរបាន៕