ជនសង្ស័យ០២នាក់ ត្រូវអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (មានស្ថានទម្ងន់ទោស)
ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ វឿន វ៉ាន់លាភ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធបទល្មើសហិង្សាដោយចេតនា (មានស្ថានទម្ងន់ទោស) កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី នៅចំណុចសាលាបឋមសិក្សាប្រជាធម្ម លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុហត្ថ ក្រុងប៉ោយប៉ែតបានចាត់តាំងកម្លាំងចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងប្រមូលព័ត៌មានរហូតកំណត់មុខសញ្ញាបានថា ជនសង្ស័យមានគ្នា០៣នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ គ្មានស្លាកលេខ ក្រោយពីធ្វើសកម្មភាពរួចពួកគេបានជិះគេចខ្លួនបាត់ ពេលនោះកម្លាំងបានធ្វើការចេញល្បាតរុករក រហូតបានឃើញជនសង្ស័យចំនួន០២នាក់កំពុងតែជិះម៉ូតូនៅមុខសណ្ឋាគារវី៩ ហើយកម្លាំងក៏បានឃាត់ខ្លួន ព្រមទាំងដកហូតកាំបិតចំនួន០១ដើមផងដែរ ហើយនាំយកមកមូលដ្ឋានអាវុធហត្ថក្រុង ដើម្បីសាកសួរចម្លើយតែម្ដង ។
លោកវរសេនីត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ធឿន សុខដាវីត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិចាន់គីរី សង្កាត់/ក្រុងប៉ោយប៉ែត និងឈ្មោះ ឆៃ ភារ: ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ពួកគេមានគ្នា០៣នាក់ ម្នាក់ទៀតមានឈ្មោះ ណាក់ ភេទប្រុស អាយុប្រហែល១៧ឆ្នាំ មិនស្គាល់ទីលំនៅ ជាអ្នកបើកម៉ូតូ ហើយឈ្មោះ ធឿន សុខដាវីត មានកាំបិតចំនួន០១ដើម បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ វឿន វ៉ាន់លាភ ដែលកំពុងអង្គុយលេងក្នុងទីធ្លាសាលាបឋមសិក្សាប្រជាធម្ម បណ្ដាលឱ្យរងរបួសជើងខាងឆ្វេងចំនួន២កន្លែង និងកំភួនដៃខាងឆ្វេង០១កន្លែងពិតប្រាកដមែន ដោយពួកគេធ្លាប់មានជម្លោះនឹងគ្នាពីមុនមក ហើយពួកគេក្រោយពីធ្វើសកម្មភាពរួចបានជិះម៉ូតូគេចខ្លួន បន្ទាប់មកឈ្មោះ ណាក់ បានចុះតាមផ្លូវបាត់ទៅ នៅតែពួកគេ០២នាក់ ជិះម៉ូតូមកដល់ចំណុចខាងលើត្រូវបានសត្ថកិច្ចឃាត់ខ្លួនតែម្ដង។
ដោយផ្អែកលើបណ្ដឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ អាចសន្និដ្ឋានបានថា ជនសង្ស័យខាងលើពិតជាបានប្រព្រឹត្តិបទល្មើសហិង្សាដោយចេតនា (មានស្ថានទម្ងន់ទោស)ពិតប្រាកដមែន រួចបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធី។ចំណែកឈ្មោះ ណាក់ ដែលគេចខ្លួនកម្លាំងអាវុធហត្ថក្រុង កំពុងធ្វើការស្រាវជ្រាវចាប់ខ្លួនបន្ត៕