អាជ្ញាធរក្រុងប៉ោយប៉ែត ចុះបិត ខ្ទប់អាគារស្នាក់នៅចំនួន២ និងបុរីដួងច័ន្ទ នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩ ទៅលើបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់
ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ១៩ ទៅលើបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលបានស្នាក់នៅក្នុងបុរីដួងច័ន្ទ ផ្ទះលេខ ១៣៤ B ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យភ្លាមនោះ កម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែត ដឹកនាំដោយលោក ង៉ោ ម៉េងជ្រួន អភិបាល រងខេត្តបន្ទាយមានជ័យ,លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ,លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ,លោកវរសេនីយ៍ទោ បោន សីហា អធិការស្តីទី ក្រុងប៉ោយប៉ែត និងលោក អ៊ឹម សុភារៈ នាយប៉ុស្តិ៍រដ្ឋបាលនគរបាលក្រុងប៉ោយប៉ែត បានចុះបិត ខ្ទប់មិនអនុញ្ញាតឲ្យចេញចូលចំនួន៣ទីតាំងភ្លាមៗទាំងយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដោយទីតាំទី១ នៅក្នុងបុរីដួងច័ន្ទ ដែលប្រពន្ធជនជាតិឥណ្ឌូនេស៊ី ដែលមានវិជ្ជមានជំងឺកូវីដ១៩ នោះ កំពុងស្នាក់នៅ និងពីទីតាំងផ្សេងទៀតគឺអាគារស្នាក់នៅ ស្ថិតនៅក្នុងភូមិ សង្កាត់ខាងលើ មានការសង្ស័យពាក់ព័ន្ធ។
ពាក់ព័ន្ធបញ្ហាខាងលើនេះបើតាមលោក គាត ហ៊ុល អភិបាលក្រុង បាន ឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីក្រុមគ្រូពេទ្យជំនាញដែលបានយកសំណាកបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ទៅពិនិត្យ ជាលទ្ធផលរកឃើញវិជ្ជមានជំងឺឆ្លងកូវីដ១៩នោះភ្លាម កម្លាំងសមត្ថកិច្ចបានចុះបិតទីតាំងទាំង៣ខាងលើនេះភ្លាមៗទាំងយប់ ដោយមិនអនុញ្ញាតឲ្យមានការចេញចូលឡើយ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធទាំងគៀក និងប្រយោល ដើម្បីការពារ និទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមទ្រង់ទ្រាយធំ។
ដោយឡែកលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ជនជាតិឥណ្ឌូនេស៊ី ដែលរកឃើញវិជ្ជមានកូវីដ១៩នោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមង្គលបុរី ខេត្តបន្ទាយមានជ័យ ក្រោយពីសាកសួរដើម្បីស្វែងរកអ្នកពាក់ព័ន្ធកម្លាំងសមត្ថកិច្ចបានចុះហុំពទ្ធ័ផ្ទះលេខ ១៣៤ B ក្នុងបុរីដួងច័ន្ធ ដោយសារប្រពន្ធជនជាតិឥណ្ឌូនេស៊ីរូបនេះកំពុងស្នាក់នៅ រួចបន្តបិតបុរីនេះទាំងស្រុង ព្រមទាំងអាគារស្នាក់នៅ២ទីតាំងផ្សេងទៀតផងដែរ។
សូមបញ្ជាក់ផងដែរថា ជុំវិញបញ្ហាខាងលើនេះដែរកម្លាំងសមត្ថកិច្ច នឹងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមគ្រូពេទ្យជំនាញ កំពុងតែដុតដៃដុតជើងយ៉ាងខ្លាំងដោយបិត ហុំព័ទ្ធ យាមកាមទាំងយប់ មិនអនុញ្ញាតឲ្យធ្វើដំណើចេញចូលឡើយ ដើម្បីបន្តស្វែងរកអ្នកពាក់ព័ន្ធទាំងគៀក និងប្រយោល ជាមួយជនជាតិឥណ្ឌូនេស៊ី ដែលចជាប់ពាក់ព័ន្ធករណីវិជ្ជមានកូវីដ១៩នោះ៕