ឯកឧត្តមអភិបាលខេត្តកណ្ដាល អញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាឧបត្ថម្ភដល់មន្ត្រី ដែលប្រចាំការ នៅតាមមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ-១៩
ខេត្តកណ្តាល៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាឧបត្ថម្ភដល់មន្ត្រី ដែលប្រចាំការ នៅតាមមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ-១៩ នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដែលមានចំនួន០៧មណ្ឌលក្នុងចំណោមមណ្ឌលទាំង១៥៨មណ្ឌល នៅទូទាំងក្រុងតាខ្មៅ ដែលបានត្រួតពិនិត្យ ក្នុងនោះមានមណ្ឌលភូមិថ្មី ភូមិថ្មី១ ភូមិថ្មី២ ភូមិតាខ្មៅ១ ភូមិតាខ្មៅ២ និងភូមិតាខ្មៅ៣។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបានសំដែងការកោតសរសើរលើកទឹកចិត្ត ចំពោះអាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលក្នុងរយៈពេលកន្លងមកតែងបានចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងការអនុវត្តវិធានការ បង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល ដោយទទួលបានលទ្ធផលល្អប្រសើរ។
ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ត្រូវបង្កើនស្មារតីចូលរួមយកចិត្តទុកដាក់អនុវត្តឲ្យបានសកម្មម៉ឺងម៉ាត់បំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលគឺ «៣ការពារ ៣កុំ»ឲ្យបានខ្ជាប់ខ្ជួនផងដែរ៕