ឃាត់ខ្លួនមេខ្សល់នាំមនុស្សឆ្លងដែនខុសច្បាប់ចំនួន០៣នាក់ បញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖កម្លាំងចម្រុះមានកងទ័ព កងរាជអាវុធហត្ថ និងកម្លាំងនគរបាល ដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានធ្វើការឃាត់ខ្លួនមេខ្យស់បានចំនួន៣នាក់ រួមនិងពលករចំនួន១១នាក់ ក្នុងនោះមានកុមារ២នាក់ផងដែរ កាលពីវេលាម៉ោង០០និង២០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅចំណុចTV12001-99225 ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ខណៈដែបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ។ការចុះឃាត់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីកម្លាំងចម្រុះចុះត្បាត ដើម្បីទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់។
លោកវរសេនីយ៍ឯក ព្រហ្ម សុភា មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ទទួលទិសស្រុកម៉ាឡៃ និងទទួលការងារសន្តិសុខបានឱ្យដឹងថា ក្នុងការឃាត់ខ្លួនមេខ្យល់ និងជនរងគ្រោះខាងលើនេះ បន្ទាប់ពីទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យផងដែរ ចំណែកមេខ្យល់ និងពលករ ត្រូវបានកម្លាំងតំបន់ប្រតិបត្តិសឹករងបន្ទាយមានជ័យបញ្ជូនមកប្រគល់ឱ្យបញ្ជាការដ្ឋានអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសអាវុធហត្ថខេត្តបានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេន៍យត្រី បោន ប៊ិន មេបញ្ជាការអាវុហត្ថខេត្ត លោក បានដឹកនាំកម្លាំងការិយាល័យបង្រ្កាបការជួញដូរមនុស្ស ទៅធ្វើការសាកសួរចម្លើយដល់ជនរងគ្រោះទាំងអស់ ហើយពួកគាត់បានឆ្លើយសារភាពដូចៗគ្នាថា មានមេខ្យល់ចំនួន០៣នាក់ ១.ឈ្មោះ ផៃ ធី ភេទប្រុស អាយុ៤១ឆ្នាំ ,២.ឈ្មោះ សាំ អៀន ភេទប្រុស អាយុ៤៧ឆ្នាំ និង៣.ឈ្មោះអ៊ូ សុខា ភេទប្រុស អាយុ៣៤ឆ្នាំ តេទូរស័ព្ទមកទំនាក់នងមកពួកគាត់ថាតើចង់ទៅប្រទេសថៃអត់ ហើយពួកគាត់បានសួរវិញថា ចេញទៅបានមែនអត់ មេខ្យល់បានប្រាប់ពួកគាត់ថា ចេញទៅបានដោយក្នុងម្នាក់ត្រូវបង់លុយឱ្យពួកគេក្នុងម្នាក់៦ពាន់បាត(លុយថៃ) បន្ទាប់មកពួកគេបានឯកភាពគ្នាហើយណាត់ថ្ងៃចេញដំណើរ គឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ពួកគេបានមកតាមការណាត់គ្នាហើយមានម៉ូតូចាំទទួលដឹកពួកគេពីកន្លែងដីពុះឡូតិ៍មួយកន្លែងក្នុងខេត្តសៀមរាប ហើយវាងទៅតាមផ្លូវលំចំណុចផ្សារកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាម ដើម្បីឡើងជិះរថយន្តបន្ត មកចេញនៅចំណុចស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីគេចពីសមត្ថកិច្ចដែលឈរជើងបិទផ្លូវខេត្តនៅចំណុចស្ពានតាប៉ុន ស្រុកព្រះនេត្រព្រះ ហើយបានធ្វើដំណើររហូតដល់ចំណុចវាលស្រែមួយកន្លែងស្ថិតក្នុងភូមិកូនដំរី ហើយម្ចាស់រថយន្តបានដាក់ពួកគាត់នៅទីនោះដោយប្រាប់ថា បន្តិចទៀតមានគេមកយកបន្តហើយ ។រហូតដល់រសៀលថ្ងៃដដែលស្រាប់តែរថយន្តដដែលមកយកពួកគាត់ទៅស្រុកម៉ាឡៃ ហើយមានបុរសម្នាក់ទៀតមកចាំនាំផ្លូវពួកគាត់ដើរកាត់បម្រុងឆ្លងទៅប្រទេសថៃ ពេលដើរបានប្រហែល៥០ម៉ែត្រ ស្រាប់តែមានសមត្ថកិច្ចដេញចាប់ពួកគាត់បានតែម្ដង។
ចំណែកមេខ្យល់ទាំង០៣នាក់ ក្រោយពីសមត្ថកិច្ចសាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា ពួកគេពិតជាបានជូនពលករទាំងអស់ខាងលើ ដើម្បីចេញទៅប្រទេសថៃពិតប្រាកដមែន បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ចំណែកជនរងគ្រោះចំនួន១១ ក្នុងនោះកុមារចំនួន០២នាក់ផងនោះ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកម្រិត២(QC2)ថ្នាក់ខេត្ត(កងវ៉ា) ក្នុងក្រុងសិរីសោភ័ណ៕