ឯកឧត្តម គង់ សោភ័ណ្ឌ បញ្ជាដល់កងកម្លាំងទាំងបី អាជ្ញាធរក្រុងតាខ្មៅ ត្រូវបន្តអនុវត្តដាច់ខាតនូវសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
ខេត្តកណ្ដាល៖ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងមានសមត្ថកិច្ចនៅក្នុងក្រុងតាខ្មៅ និងអាជ្ញាធរក្រុង ក្នុងការអនុវត្តនូវសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល។
ឯកឧត្តមអភិបាលខេត្តកណ្ដាល បានបន្ថែមថា កងកម្លាំងស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករងកណ្ដាល ត្រូវធ្វើការល្បាតជាប្រចាំ នៅក្នុងតំបន់ភូមិសាស្រ្តក្រុងតាខ្មៅ ដោយមិនត្រូវឱ្យប្រជាពលរដ្ឋ ដែលមិនមានការចាំបាច់ ធ្វើដំណើររាយប៉ាយពេញភូមិសាស្រ្តក្រុងតាខ្មៅឡើយ ត្រូវផ្សព្វផ្សាយ អប់រំ និងណែនាំពួកគាត់ ឱ្យនៅក្នុងផ្ទះរៀងខ្លួន ហើយក្នុងករណីប្រជាពលរដ្ឋដែលមិនគោរពតាមការណែនាំ អាជ្ញាធរមានសមត្ថកិច្ចត្រូវអនុវត្តតាមច្បាប់ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយមិនមានការលើកលែងឡើយ។
ទន្ទឹមនឹងនោះ អាជ្ញាធរសង្កាត់ និងមេភូមិគ្រប់ភូមិ ត្រូវដាក់ប៉ុស្តិ៍ប្រចាំការនៅក្នុងភូមិជាប្រចាំ ដោយមិនឱ្យប្រជាពលរដ្ឋណាម្នាក់ ដែលមិនមានការចាំបាច់ចេញពីផ្ទះឡើយ ក្នុងករណីមានប្រជាពលរដ្ឋចេញមកក្រៅ អាជ្ញាធរសង្កាត់ និងមេភូមិគ្រប់ភូមិ ដែលនៅប៉ុស្តិ៍ប្រចាំការ ត្រូវធ្វើការសួរនាំពួកគាត់ ជៀសវាងការចេញមកដោយសេរី និងមិនមានការសួរនាំពីអាជ្ញាធរឡើយ៕