ជនជាតិវៀតណាមចំនួន០៧នាក់(ស្រី០៥នាក់) ត្រូវបានឃាត់ខ្លួនបញ្ជូនទៅធ្វើចត្តាឡីស័ក ដោយឡែកជនជាតិខ្មែរជាអ្នកផ្តល់មធ្យោបាយនាំផ្លូវ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ត
ខេត្តកែប៖កម្លាំងចម្រុះប្រចាំគោលដៅត្រួតពិនិត្យច្រកចេញ-ចូលក្នុងភូមិសាស្ត្រខេត្តកែប លើផ្លូវជាតិលេខ៣៣ ត្រង់ចំណុចព្រំប្រទល់កំពត-កែប កាលពីល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន០៧នាក់ ក្នុងនោះមានស្រី០៥នាក់ បានធ្វើដំណើរមកពីខេត្តព្រះសីហនុ និងជនជាតិខ្មែរចំនួន០១នាក់ ជាអ្នកនាំផ្លូវបន្ត តាមម៉ូតូពីខេត្តកំពតឆ្ពោះទៅខេត្តកែប តាមផ្លូវលំ ដើម្បីគេចពីប៉ុស្តិ៍ត្រួតពិនិត្យ ក្នុងគោលដៅទៅកាន់ប្រទេសវៀតណាម។
ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំងនោះ ត្រូវបាននាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីប្រគល់បន្តឲ្យមន្ទីរសុខាភិបាលខេត្តបញ្ជូនទៅមណ្ឌលចត្តាឡីស័ក និងរងចាំយកសំណាកវត្ថុវិភាគ ចំណែកជនជាតិខ្មែរជាអ្នកផ្តល់មធ្យោបាយនាំផ្លូវ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនិតិវិធី៕