អាជ្ញាធរក្រុងប៉ោយប៉ែត បន្តចុះណែនាំដល់អាជីវករលក់ដូរនៅតាមផ្សារ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតឲ្យអនុវត្តតាមវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល
ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត ដឹកនាំដោយលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុង និងជាប្រធានគណៈបញ្ជាការឯកភាពក្រុង អមដំណើរដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង,លោកវរសេនីយ៍ទោ បោន សីហា អធិការ ស្ដីទីក្រុង, មន្ត្រីរដ្ឋបាលក្រុង, ចៅសង្កាត់ ,លោកមេប៉ុស្តិ៍ និងអាជ្ញាធរមូលដ្ឋានផងដែរ បានបន្តចុះណែនាំដល់ប្រជាពលរដ្ឋ អាជីវករ ដែលលក់ដូរនៅក្នុងផ្សារនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទាំងមូល ឲ្យអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ពិសេសវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ«៣កុំ និងការពារ»ឲ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីបញ្ជៀសការឆ្លងរីករាលដាលនៃជំងឺកូវី១៩ ក្នុងសហគមទ្រង់ទ្រាយធំ។
ក្នុងដំណើរញ្ជើញចុះណែនាំដល់ប្រជាពលរដ្ឋ អាជីវករ ដែលលក់ដូរនៅតាមផ្សារ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតនោះដែរ លោក គាត ហ៊ុល អភិបាលក្រុងនិងក្នុងនាមប្រធានគណៈបញ្ជាការឯកភាពក្រុងបានធ្វើការណែនាំដល់ប្រជាពលរដ្ឋ អាជីវករ ដែលកំពុងលក់ដូរនៅក្នុងផ្សារទាំងអស់ ត្រូវរក្សារអនាម័យ រក្សាកម្លាត កុំព្យាយាមជួបជុំគ្នា ត្រូវពាក់ម៉ាស បាញ់អាកុលឲ្យបានញឹកញាប់ ពិសេសត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង៣កុំ»របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ជាងនេះទៅទៀតលោកអភិបាលក្រុងបានបញ្ជាក់ថា ចាប់ពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះទៅសាលាក្រុង និងកម្លាំងសមត្ថកិច្ច រួមនឹងអាជ្ញាធរមូលដ្ឋាន នឹងដាក់កម្លាំងត្រួតពិនិត្យទៅលើប្រជាពលរដ្ឋ និងអាជីវករ នៅតាមគ្រប់ផ្សារនៅក្នុងភូមិសាស្ត្រក្រុងទាំងមូលយ៉ាងតឹងរឹងបំផុតថា តើពួកគាត់បានអនុវត្តតាមការណែនាំរបស់អាជ្ញាធរឬក៏អត់ ពោលគឺចូលឬក៏ចេញផ្សារត្រូវពាក់ម៉ាស់ បាញ់អាកុល ឲ្យបានត្រឹមត្រូវ បើពុំដូច្នោះទេមិនអនុញ្ញាឲ្យចូលផ្សារឡើយ។
សូមបញ្ជាក់ផងដែរថា ទោះបីជានៅក្រុងប៉ោយប៉ែត ក៏ដូចជាខេត្តបន្ទាយមានជ័យទាំងមូល មិនទាន់មានករណីវិជ្ជមានជំងឺកូវីដ១៩ យ៉ាងណាក្តីក៏ថ្នាក់ដឹកនាំខេត្ត ក្រុង អាជ្ញាធរមូលដ្ឋានទាំងអស់មានការយកចិត្តទុកដាក់ និងដាក់វិធានការយ៉ាងតឹងរឹងបំផុត នៅក្នុងភូមិសាស្ត្រក្នុងខេត្តទាំងមូល ពិសេសដល់កងកម្លាំងដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការឆ្លងដែរខុសច្បាប់។ដោយឡែកនៅតាមផ្សារ ក៏ដូចជានៅតាមភូមិ/សង្កាត់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត អាជ្ញាធរក្រុងបានដាក់ឧបករណ៍បំពងសម្លេង(មេក្រូ) នូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ ក៏ដូចជាវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ«៣ការពារ និង៣កុំ»ផងដែរ៕