អភិបាលខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីត្រួតពិនិត្យលទ្ធផលក្នុងការស្រាវជ្រាវបឋម ក្នុងយុទ្ធនាការកំណត់មុខសញ្ញា ស្វែងរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល អ្នកដែលមានជំងឺកូវីដ-១៩
ខេត្តកណ្តាល៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីត្រួតពិនិត្យលទ្ធផលក្នុងការស្រាវជ្រាវបឋម កាលពីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ របស់ក្រុមការងារចម្រុះខេត្ត ស្រុក ក្នុងយុទ្ធនាការកំណត់មុខសញ្ញា ស្វែងរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ជាមួយបុគ្គលឈ្មោះ ប៊ុន សក្កដា មានជំងឺកូវីដ-១៩ រស់នៅភូមិតាពេទ្យ ឃុំជ្រៃលាស់ ស្រុកពញាឮ ដែលបានមកប្រស្រ័យទាក់ទងជាមួប្រជាពលរដ្ឋ នៅភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូលដោយក្នុងនោះរកឃើញប្រជាពលរដ្ឋ៩នាក់ផ្ទាល់ និងប្រយោល៩១នាក់ទៀត។
ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមានការពាក់ព័ន្ធជាមួយបុគ្គលឈ្មោះ ប៊ុន សក្កដា ក្រុមគ្រូពេទ្យជំនាញបានយកសំណាកធ្វើតេស្តរកមេរោគ រីឯអ្នកពាក់ព័ន្ធដោយប្រយោល បានដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក ដែលរដ្ឋបាលស្រុកបានរៀបចំ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលដឹងថា ខ្លួនមានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយបុគ្គល ឈ្មោះ ប៊ុន សក្កដា ខាងលើ សូមចូលរួមសហការជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីយកសំណាកធ្វើតេស្តរកមេរោគ និងធ្វើចត្តាឡីស័ក ដើម្បីចូលរួមកាត់ផ្តាច់សង្វាក់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ហើយត្រូវបន្តគោរព អនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ៣.ការពារ និង៣.កុំ ឲ្យបានខ្ជាប់ខ្ជួន៕