រកឃើញមេរោគក្នុងសត្វជ្រូកជំទើរ ដែលនាំចូលពីប្រទេសថៃ មកខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖បើយោងតាមលទ្ធផលមន្ទីរពិសោធន៍វីរុសសាស្ត្រ នៃវិទ្យាល័យជាតិស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វ របស់អគ្គនាយកដ្ឋានផលិតកម្មសត្វនិងសុខភាពពសត្វ នៃក្រសួងកសិកម្មចេញនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ លើសំណាកឈាមជ្រូករស់ចំនួន៣៨ក្បាល ដែលសមត្ថកិច្ចចាប់នៅព្រំដែនកម្ពុជា ថៃនៅខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី៣០ ខែមីនាឆ្នាំ២០២១កន្លងមកនេះ មន្ត្រីជំនាញបញ្ជាក់ថា សត្វជ្រូករស់ដែលទើបចាប់បាន១លើកទៀតនៅខេត្តបន្ទាយមានជ័យ ក្រោយពេលធ្វើតេស្តឈាមលទ្ធផល គឺវិជ្ជមានជម្ងឺប៉េស្តជ្រូកអាហ្វ្រិច។
លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបានឲ្យថា កាលពីម៉ោង២និង១០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ក្រុមអន្តរគមន៍បង្ក្រាបបទល្មើសវិស័យសុខភាពសត្វ ផលិតកម្មសត្វការិយាល័យនេះ សហការនឹងកម្លាំងពាក់ព័ន្ធបានធ្វើការឃាត់ចាប់រថយន្ត២គ្រឿង រថយន្តទី១ ម៉ាកនីសសាន់ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-0388 ដែលផ្ទុកជ្រូករស់ចំនួន២០ក្បាលជ្រូកជំទើ ត្រៀមយកមកខ្វៃលក់ក្នុងអំឡុងឆេងម៉េង និងរថយន្តទី២ គ្មានស្លាកលេខពណ៌ខ្មៅ ម៉ាកកាម៉ារី គ្មានស្លាកលេខ ផ្ទុកជ្រូករស់ចំនួន១៨ក្បាលជ្រូកជំទើ នៅចំណុចខាងកើតសាលាស្រុកអូរជ្រៅ ក្នុងភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ដែលសត្វជ្រូកបាននាំចូលពីប្រទេសថៃ តាមច្រករបៀងនៃព្រំដែនកម្ពុជា ថៃក្នុងស្រុកអូរជ្រៅ។ការនាំចូលសត្វជ្រូកនេះដោយមិនមានលិខិតអនុញ្ញាត មិនមានលិខិតបញ្ជាក់សុខភាពសត្វឡើយ ។
ក្នុងនោះសមត្ថកិច្ចជំនាញ បាននាំយកវត្ថុតាងល្មើសខាងលើមកកាន់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត អនុវត្តនូវនីតិវិធីច្បាប់និងធ្វើចត្តាឡីស័ក។និងបានបូមឈាមផ្ញើទៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពពសត្វដើម្បីចាត់ការជាបន្តទៀត។
ជាលទ្ធផលលើសំណាកឈាមជ្រូកដែលធ្វើពិសោធន៍បានបញ្ជាក់ថា វត្ថុវិភាគមានគុណភាពល្អ តែវាវិជ្ជមានជម្ងឺជ្រូកអាហ្វ្រឹច។យោងការណែនាំរបសលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោកប៉ាង វណ្ណាសេ្ឋ ប្រធានកសិកម្មខេត្ត និងចំណាររបស់លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកហ៊ុយ ទូច បានបន្តថាករណីនេះបានអនុញ្ញាតឲ្យជំនាញដុតបំផ្លាញចោលតាមនិតិវិធី និងបច្ចេកទេសព្រោះជាប្រភេទជ្រូកមានជម្ងឺ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលបានទិញយកទៅបរិភោគ ។សត្វជ្រូកដែលឃាត់បាន៣៨ក្បាលនោះត្រូវមន្ត្រីជំនាញនាំទៅដុតបំផ្លាញចោលហើយកាលពីម៉ោង៣រសៀល ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១៕