អភិបាលខេត្តបន្ទាយមានជ័យ ចុះណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅក្នុងផ្សារមង្គលបូរី ឲ្យអនុវត្តតាមវិធាការរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន
ខេត្តបន្ទាយមានជ័យ៖ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមទ្រង់ទ្រាយធំនោះ នៅថ្ងៃ២១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវករ នៅក្នុងផ្សារមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការដាស់តឿន និងណែនាំបន្ថែមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លងកូវីដ-១៩ ពិសេសត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ«៣ការពារ និង៣កុំ»ឲ្យបានខ្ជាប់ខ្ជួន ខណៈដែលបច្ចុប្បន្នជំងឺដ៏កាចសាហាវនេះ កំពុងតែវ៉ៃឡុកយ៉ាងខ្លាំងនៅតាមបណ្តាលខេត្តមួយចំនួន ពិសេសរាជធានីភ្នំពេញតែម្តង។
ជាងនេះទៅទៀតឯកឧត្តមបានអំពាវនាវឲ្យអាជីវករទាំងអស់ទាំងអ្នកលក់ និងអ្នកទិញ ត្រូវពាក់ម៉ាស លាងដៃជាមួយអាកុល ឬសាប៊ូឲ្យបានញឹកញាប់ អ្នកដែលមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ ដាច់ខាត់គឺមិនអនុញ្ញាតឲ្យចូលផ្សារនោះឡើយ៕