ជនសង្ស័យម្នាក់ ត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន បញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធទៅនឹងករណីលួចខោអាវកីឡា
ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ឡេង សុភក្ត្រា ភេទប្រុស អាយុ៣៨ឆ្នាំ លើករណីលួចខោអាវកីឡា ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៣និង៥០នាទី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនោះលោកវរសេនីយត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាត់តាំងកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុហើយធ្វើការសួរនាំ និងស៊ើបអង្កេតរហូតកំណត់មុខសញ្ញាបាន ទើបឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ គង់ សំអាន ហៅគីម ភេទប្រុស អាយុ២៤ឆ្នាំ ដែលជាកម្មកររបស់ជនរងគ្រោះខាងលើ និងដកហូតខោអាវកីឡាបានមួយចំនួន រួចបញ្ជូនទៅមូលដ្ឋានអាវុធហត្ថក្រុងដើម្បីសាកសួរចម្លើយ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយពីជំនាញសាកសួរចម្លើយរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនជាកម្មករលើកឥវ៉ាន់ឱ្យជនរងគ្រោះពិតប្រាកដមែន ហើយខ្លួនតែងតែទៅលើកឥវ៉ាន់ឱ្យជនរងគ្រោះជារៀងរាល់ថ្ងៃ ហើយនៅថ្ងៃទី១៣ និង១៥ ខែមេសា ឆ្នាំ២០២១ ខ្លួនបានធ្វើសកម្មភាពលួចខោអាវរបស់ឈ្មោះ ឡេង សុភក្រ្តា ដោយលួចលើកទី១ លក់បានលុយចំនួន៦៧ម៉ឺនរៀល និងលើកទី២លក់បានលុយចំនួន ៩ម៉ឺនរៀល ចំណែកលុយដែលលក់ខោអាវបានខ្លួនបានយកដើរលេងស៊ីចាយអស់ហើយ ។
ក្រោយពីបានស្ដាប់ចម្លើយរបស់ដើមបណ្ដឹង និងស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យ គឺពិតជាមានភាពស៊ីសង្វាក់គ្នាយ៉ាងជាក់លាក់ពីករណីលួចពិតប្រាកដមែន បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងព្រហ្មទណ្ឌអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការអាវុធហត្ថខេត្ត ចាត់ការបន្ត ចំណែកខោអាវជាវត្ថុតាងដែលដកហូតបានពីជនសង្ស័យ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប្រគល់ឱ្យម្ចាស់ដើមវិញ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យហើយ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕