អភិបាលខេត្ត ទទួលអំណោយសប្បុរសធម៌ ពីក្រុមហ៊ុន(metfone)សាខាខេត្តកំពត ចូលរួមចំណែកបង្ការទប់ស្កាត់ជំងឺកូវីដ១៩
ខេត្តកំពត៖ដើម្បីជាការចូលរួមចំណែក បង្ការទប់ស្កាត់ជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុន (metfone)សាខាខេត្តកំពត បាននាំយកនូវអំណោយជាម៉ាសចំនួន១២៥០០ម៉ាស ទឹកអាកុលចំនួន៦០លីត្រ ផ្តល់ជូនរដ្ឋបាលខេត្តកំពត សម្រាប់យកទៅបម្រើអោយសកម្មភាពក្នុងវិធានការការងារប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ជំងឺកូវីត-១៩។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន (metfone) សាខាខេត្តកំពត ដែលបាននាំយកអំណោយមនុស្សធម៌ ជាម៉ាស និងទឹកអាកុល ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តកំពត ដែលកំពុងត្រូវការចាំបាច់ពេលនេះ។
ឯកឧត្តមអភិបាលខេត្ត ក៏បានចាត់ទុកអំណោយទាំងនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ឲ្យក្នុងវិធានការ ប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលរដ្ឋបាលខេត្តកំពត បច្ចុប្បន្នបាននិងកំពុងយកចិត្តទុកដាក់រួមចំណែកជាមួយរាជរដ្ឋាភិបាលលើសុខមាលភាពប្រជាពលរដ្ឋឲ្យចាកផុតពីជំងឺដ៏កាចសាហាវនេះ។
ជាមួយគ្នានោះផងដែរឯកឧត្តមបានសម្ដែងការសង្ឃឹម និងជឿជាក់ថា នៅមានបងប្អូនសប្បុរសជន ក្រុមហ៊ុនក្នុងខេត្តកំពត នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្ត បន្តថែមទៀត ដើម្បីយើងរួមគ្នាប្រយុទ្ធប្រឆាំងនឹងបង្កា ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ កុំឱ្យមានឆ្លងបន្តរីករាលដាលក្នុងសហគមន៍ខេត្តកំពត ដែលបច្ចុប្បន្នរដ្ឋបាលខេត្ត រួមនឹងប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បាននឹងកំពុងយកចិត្តទុកដាក់ អនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល គឺ៣កុំ និង៣ការពារ បានល្អប្រសើរ៕