ពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៤គ្រួសារ នៅស្រុកសាលាក្រៅ ទទួលអំណោយពីអ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន
ខេត្តប៉ៃលិន៖ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណា ងរាស្ត្រ មណ្ឌលប៉ៃលិន អមដំណើរដោយ លោក សៀ សុខុម អភិបាលរងស្រុកសាក្រៅ និងជាអនុប្រធាន ស.ស.យ.ក ខេត្ត នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ យកអំណោយស្បៀងអាហារ ទៅចែកជូនដល់សមាជិកឃុំស្ទឹងកាច់ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះ និង ប្រជាពលរដ្ឋខ្វះខាតចំនួន០៤គ្រួសារ ។
ក្នុងឱកាសនោះឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានពាំនាំមកនូវបណ្តាំផ្ញើសាក សួរសុក្ខទុក្ខពីសំណាក់ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តនិងជាប្រធានស.ស.យ.កខេត្តប៉ៃលិន ដែលជានិច្ចកាល លោកទាំងពីរ តែងតែគិតគូរខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ។
ឯកឧត្តមបានលើកឡើងថា៖ក្រោមការចង្អុលបង្ហាញពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តប៉ៃលិន បានណែនាំឲ្យក្រុមការងារទាំងអស់បន្តចុះផ្សព្វផ្សាយជារៀងរាល់ថ្ងៃនូវវិធានការនានា របស់រដ្ឋបាលខេត្ត និងវិធានការ «៣ការពារ និង៣កុំ»របស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងវិធាននានា របស់ក្រសួងសុខាភិបាល ដោយណែនាំដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីកាតព្វកិច្ច ពាក់ម៉ាស លាងដៃជាមួយសាប៊ូ ឬជែល ទឹកអាល់កុល រក្សាគម្លាតសង្គមអោយបាន១.៥ទៅ២ម៉ែត្រ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-19 នៅក្នុងសហគមន៍ ។
លើសពីនេះ ត្រូវឱ្យប្រជាពលរដ្ឋខាងលើ ដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយក៏ត្រូវយល់ថា មានតែគណបក្សប្រជាជនកម្ពុជា ដែលតែងតែជួយផ្តល់ស្បៀងអាហារដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងនូវការខ្វះខាត ។
សូមបញ្ជាក់ថា ៖អំណោយដែលផ្តល់ជូនក្រុមគ្រួសារខ្វះខាតទាំង៤គ្រួសារខាងលើ រួមមាន៖
ទី១. ឈ្មោះ កែវ ភួង ភេទប្រុស អាយុ៦៦ឆ្នាំ សមាជិកក្រុមប្រឹក្សាឃុំស្ទឹងកាច់ មានជំងឺប្រចាំកាយ
ទី២. ឈ្មោះ សៅ ស្តើង ភេទប្រុស អាយុ២២ឆ្នាំ ទាំង២នាក់ រស់នៅភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ
ទី៣. ឈ្មោះ សំ នាង ភេទប្រុស អាយុ៦៣ឆ្នាំ និងទី៤. ឈ្មោះ ងួន រ័ត្ន ភេទស្រី អាយុ៦៣ឆ្នាំ អតីតនារីដឹកជញ្ជូន ទាំង២នាក់ រស់នៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១កេស ពងមាន់១ជុង ត្រីខ១ឡូតិ៍ ស្ករស១គីឡូក្រាម អំបិល១គីឡូក្រាម ប៊ីចេង១គីឡូក្រាម ប្រេងឆា១ដប និងថវិកា១០ម៉ឺនរៀល ៕