សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នាំយកអំណោយ ផ្តល់ជូនពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន១៦៩គ្រួសារ
ខេត្តព្រះសីហនុ៖ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យមន្រ្តីសាខាអនុសាខា អ្នកស្ម័គ្រចិត្ត បាននាំយកអំណោយមនុស្សធម៌របស់សាខាខេត្តព្រះសីហនុ និងអំណាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដែលកំពុងធ្វើចត្តាឡីស័ក ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ១៦៩គ្រួសារ រស់នៅក្រុមទី២៥ និងក្រុមទី២៦ ភូមិ០៣(ទំនប់រលក) សង្កាត់លេខ១ ខេត្តព្រះសីហនុ។
ជាមួយគ្នានោះ លោកនាយកសាខា សុំឱ្យក្រុមគ្រួសារចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ហើយត្រូវពាក់ម៉ាស់ឬក្រមាឱ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាលគឺ ៣កុំ ៣ការពារ ឲ្យខ្ជាប់ខ្ជួន។
អំណោយដែលត្រូវផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន៖ត្រីខ២០កំប៉ុង ,អង្ករ ២៥គីឡូក្រាម, មីសួ ១កេស, ម៉ាស ១កញ្ចប់ និងថវិកាចំនួន៣០ម៉ឺនរៀលផងដែរ៕