ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៤០គ្រួសារ នៅស្រុកចំការលើ ទទួលអំណោយពី សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម
ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ នាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ផ្តល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ ដែលបណ្តាល អោយរបើកដំបូលក្បឿងដំបូលសង្កសីផ្ទះប្រជាពលរដ្ឋចំនួន៤០ខ្នងកាលពីវេលាម៉ោង៣និង៤៥នាទី រសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅភូមិត្រពាំងឫស្សី ឃុំជយោ និងភូមិថ្នល់បែក ភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងនូវការសោកស្តាយជាខ្លាំង ជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ ចំពោះមហន្តរាយធម្មជាតិ ដែលបង្កអោយមានការខូចខាតលំនៅដ្ឋានរបស់បងប្អូនបែបនេះ។ក្នុងនោះឯកឧត្តមក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាការតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាងអោយចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ទាន់ពេលវេលា ស្របតាមទិសស្លោក " ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា " ។
ជាងនេះទៅទៀតឯកឧត្តមបានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នអោយបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងពិសេសត្រូវអនុវត្តវិធានការ " ៣ការពារ និង៣កុំ "ឲ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ផ្តាច់ខ្សែចម្លងជម្ងឺកូវីដ-១៩ ពីសហគមន៍មួយទៅកាន់សហគមន៍ទៀត ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុង១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គក្រ ,មី ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ត្រីខ ១យួរ ,ឃីត១ (មុង១ ភួយ១ សារុង១ ក្រមា១) អាវយឺត ២។ដោយឡែក ចំពោះអ្នកដែលខូចខាតធ្ងន់ចំនួន៤គ្រួសារ ទទួលបានថវិកា៣០០,០០០ រៀល អ្នកដែលខូចខាតមធ្យម ចំនួន ៣គ្រួសារ ទទួលបានថវិកា ២០០,០០០ រៀល ហើយអ្នកខូចខាតស្រាល ចំនួន ២៩គ្រួសារ ទទួលបានថវិកា១០០,០០០ រៀល៕