អភិបាលក្រុងប៉ោយប៉ែត ចាត់ឲ្យក្រុមការងារ នាំយករថយន្តជួយដឹកជញ្ជូនសម្ភាៈផ្សេងៗ របស់ប្រជាពលរដ្ឋដែលរុះរើលំនៅដ្ឋាន ចេញពីចំណីផ្លូវរថភ្លើង
ខេត្តបន្ទាយមានជ័យ៖ដោយមានការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានចាត់ឲ្យក្រុមការងារនាំយករថយន្តជួយដឹកជញ្ជូនសម្ភាៈផ្សេងៗ របស់ប្រជាពលរដ្ឋដែលរុះរើលំនៅដ្ឋាន ចេញពីដីចំណីផ្លូវ និងចំណីផ្លូវរថភ្លើង តាមបណ្តោយផ្លូវជាតិលេខ៥ និងស្របផ្លូវរថភ្លើង ស្ថិតនៅក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ផ្លាស់ប្តូរទៅទទួលយកដីស្របច្បាប់នៅភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ ស្ថិតនៅក្នុងឃុំបឹងជង្រុក ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យវិញ។
លោក គាត ហ៊ុល អភិបាលក្រុងបានឲ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅសំណង់មិនរៀបរយលើដីចំណីផ្លូវ និងចំណីផ្លូវរថភ្លើង មួយចំនួនធំបានដោះស្រាយពីគោលនយោបាយផ្លូវដែករួចរាល់ហើយ តែចំនួន៤៣គ្រួសារ ដែលកំពុងតែរុះរើចេញ ដោយផ្លាស់ប្តូទៅរស់នៅលើដីស្របច្បាប់នៅភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ នាពេលនេះដ៏ធ្លាប់បានដោះស្រាយម្តងរួចមកហើយដែរ តែពួកគាត់មិនព្រម ទើបលោកស្នើសុំឯកឧត្ដម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលជាតំណាងឲ្យសម្តេចតេជោ ចុះមករៀបចំដីជូនប្រជាពលរដ្ឋនៅឯបឹងជង្រុកនោះ លោកក៏បានយល់ព្រមសហការជាមួយអាជ្ញាធរក្រុង ដើម្បីយកទីតាំងខាងនេះរៀបចំធ្វើជាសួនសម្រាប់លម្អក្រុង។
បន្ទាប់ពីធ្វើការសម្របសម្រួលដោយឈលើយុទ្ធសាស្ត្រឈ្នះ ឈ្នះទាំងអស់គ្នារបស់សម្តេចតេជោ ដោយបានបែងចែក និងរៀបចំដីនៅភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ ឲ្យពួកគាត់រស់នៅយ៉ាងសមរម្យ ពួកគាត់ក៏បានយល់ព្រម សម្រេចរុះរើចេញ ដោយមិនមានការបង្ខិតបង្ខំនោះឡើយ។
ដោយខ្លះបានរុះរើ ជួលរថយន្តដឹកដោយខ្លួនឯង និងខ្លះទៀតបានការជួយជ្រោមជ្រែងពីលោកអភិបាលក្រុង ដោយចាត់ឲ្យក្រុមការងារនាំយករថយន្តជួយដឹកជញ្ជូនផងដែរ៕