ចាប់ឃាត់ខ្លួនជនសង្ស័យ០២នាក់ បញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់
ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យចំនួន២នាក់ ដែលលួចនាំមនុស្សឆ្លងដែនទៅប្រទេសថៃខុសច្បាប់ និងក្នុងអំឡុងដែលប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ស្រុក ក្រុងកំពុងតែរឹតបន្តឹង ដើម្បីបង្កា និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ត្រូវបានកម្លាំងនគរបាលស្រុកម៉ាឡៃ ចាប់ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖ ជនសង្ស័យទាំង០២នាក់មានឈ្មោះ រ៉ម សួន ភេទប្រុស អាយុ៤៩ឆ្នាំ ជាអ្នកបើករថយន្តម៉ាកនីសាន់មួយបាំងកន្លះ ពណ៌ ក្រហម ពាក់ស្លាកលេខ ក.៦០៧៦ ភ្នំពេញ២ មានទ្រុងដែក និងម្នាក់ទៀតឈ្មោះ អ៊ូច សុជា ភេទប្រុស អាយុ៤២ឆ្នាំ ជាអ្នករួមដំណើរ អ្នកទាំងពី មានទីលំនៅភូមិអូរស្ងាត់ ឃុំត្រពាំងព្រលិត ស្រុកសំពៅលូន ខេត្តបាត់ដំបង។
លោកបន្តថា ជនទាំង០២នាក់នេះ បានធ្វើសកម្មភាពដឹកពលករខ្មែរប្រុស ស្រី ចំនួន០៧នាក់ មានទីលំនៅភូមិបឹងឃ្លាំង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បំរុងនាំឆ្លងដែនទៅប្រទេសថៃ ហើយត្រូវបានកម្លាំងនគរបាលស្រុកម៉ាឡៃ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ ធ្វើការឃាត់ខ្លួននៅវេលាម៉ោងម៉ោង០០និង២៥នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចប៉ុស្តិ៍ត្រួតពិនិត្យផ្លូវកងវិស្វកម្ម ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រួចនាំខ្លួនទៅធ្វើការសួរនាំនៅអធិការដ្ឋាន ទាំងអ្នកបើកបររថយន្ត និងពលករប្រុស ស្រីទាំង០៧នាក់។
លោកអធិការបន្ថែមថា យោងតាមការបំភ្លឺរបស់ពលករទាំង០៧នាក់ បាននិយាយថា ពួកខ្លួនបានទំនាក់ទំនងជាមួយមេខ្សល់ ដើម្បីចេញទៅធ្វើការនៅប្រទេសថៃ បន្ទាប់មកក៏មានរថយន្តនីសាន់ខាងលើបានមកដឹកពួកខ្លួនពីស្រុកមង្គលបូរី ទៅកាន់ស្រុកសំពៅលូន ខេត្តបាត់ដំបង ម្នាក់យកតម្លៃ៥០,០០០រៀល(ប្រាំម៉ឺនរៀល) ត្រូវបានសមត្ថកិច្ចឃាត់សួរនាំ។
ចំណែកឈ្មោះ រ៉ម សួន អ្នកបើកបររថយន្តបានបញ្ជាក់ថា ខ្លួនពិតជាដឹកពលករខ្មែរប្រុស ស្រីទាំង០៧នាក់ ពីស្រុកមង្គលបូរី ទៅកាន់ចំណុចផែស្ងួតរបស់លោកស្រី សុបិន្ត ស្ថិតក្នុងភូមិសាស្ត្រ ស្រុកសំពៅលូន នោះពិតប្រាកដមែន ដោយយកតម្លៃម្នាក់៥០,០០០រៀល(ប្រាំម៉ឺនរៀល) តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅតាមផ្លូវ។
លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិ ជន បានបញ្ជាក់ថា៖ឈ្មោះ រ៉ម សួន អ្នកបើកបរនិងឈ្មោះអ៊ូច សុជា អ្នករួមដំណើរ ជាមនុស្សប្រើប្រាស់នូវសារធាតុញៀន។ម្យ៉ាងដោយផ្អែកលើចម្លើយបំភ្លឺរបស់ពលករទាំង០៧នាក់ និងចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះរ៉ម សួន សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជូនខ្លួនពួកគេទាំង០២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕