រំដួលតាមដងផ្លូវនៅក្រុងប៉ៃលិន ឆក់យកបេះដូងរាស្ត្រ នាំគ្នាកោតសរសើរពីសម្រស់ស្រស់ត្រកាលគ្រប់ៗគ្នា
ខេត្តប៉ៃលិន៖នៅរដូវបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ បើទោះបីពលរដ្ឋមិនបានដើរកម្សាន្តនៅតាមខេត្តឆ្ងាយៗ ឬនៅតាមរមណីយដ្ឋាននានា ក៏ប៉ុន្តែពួកគាត់បានដើរកំសាន្តនៅជិតៗផ្ទះ និងនៅតាមផ្លូវ និងសូនច្បារដែលលោកជំទាវ អភិបាលខេត្ត បានរៀបចំតុបតែងកែលម្អបំពាក់ផ្ការំដួលតាំងភ្លើងពណ៌ យ៉ាងស្រស់ត្រកាលគួរឲ្យគយគន់។
ការច្នៃប្រឌិតនេះហើយធ្វើឲ្យពលរដ្ឋ មានការកោតសរសើរ មិនដាច់ពីមាត់ នូវស្នាដៃច្នៃប្រឌិតដ៏អស្ចារ្យ របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កន្លែងដែលស្រស់ស្អាត់បំផុតគឺនៅ ទ្រូងផ្លូវសាធារណៈក្នុងក្រុងប៉ៃលិន ដោយរៀបចំជាភ្លើងអគ្គិសនី សម្រាប់បំភ្លឺពេលយប់ ជាម៉ូដផ្ការំដួល។ពិសេសពេលគេធ្វើដំណើរនៅតាមដងផ្លូវ ម្នាក់ៗសម្លឹងគយគន់មើលផ្កា មិនដាច់ពីខ្សែភ្នែក ពោលគឺប្លែកភ្នែក ប្លែកអារម្មណ៍ ពុំធ្លាប់ឃើញមានពីមុនមកនោះឡើយ។
ប្រជាពលរដ្ឋបន្តទៀតថា ស្នាដៃរបស់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ពិតជាញ៉ាំងអារម្មណ៍ប្រជាពលរដ្ឋ ឱ្យមានចិត្តសប្បាយរីករាយ អារម្មណ៍ភ្លឺថ្លា ជាពិសេសពេលធ្វើដំណើរតាមដងផ្លូវនាពេលយប់ ពិតជាទាក់ទាញខ្លាំង ពេលឃើញពន្លឺភ្លើង បង្កជាទេសភាពស្រស់ស្អាតបែប នេះ ធ្វើឱ្យពួកគាត់បំបាត់នូវទុក្ខកង្វល់ ស្មារតីភ្លឺថ្លា បង្កើននូវកម្លាំងថាមពលថែមទៀត ។
ពួកគាត់សង្ឃឹមថា ក្រោមការដឹកនាំផ្ទាល់របស់អភិបាលខេត្ត ដែលជាស្ត្រីពិតជាពូកែតុបតែងមែន នឹងធ្វើឱ្យខេត្តមួយនេះ កាន់តែរីកចម្រើនជឿនលឿនទៅមុខ មានផ្លូវក្រាលកៅស៊ូវ ចាក់បេតុង ខ្វាត់ខ្វែង លម្អទៅដោយភ្លើងអគ្គិសនីនៅសងខាងផ្លូវ ថែមទាំងមានម្លប់ឈើកាន់តែត្រជាក់ភ្នែកថែមទៀត៕