ឯកឧត្តមអភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ អញ្ជើញចុះសាកសួរសុខទុក្ខ និងពិនិត្យរៀបចំអាហារប្រចាំថ្ងៃជូនដល់ពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក
ខេត្តកំពង់ចាម៖គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដំណើរដោយលោក លោកស្រីអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ដើម្បីសាកសួរសុខទុក្ខ និងត្រួតពិនិត្យការរៀបចំចាត់ចែងការស្នាក់នៅ ក៏ដូចជាការរៀបចំម្ហូបអាហារប្រចាំថ្ងៃជូនដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅទីនេះ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក្នុងនាមអាជ្ញាធរខេត្ត និងក្នុងនាមគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានអំពាវនាវដល់មន្រ្ដីប្រចាំការ ត្រូវរក្សាបរិស្ថានស្អាត និងអនាម័យជាប្រចាំ ជាពិសេសត្រូវយកចិត្តទុកដាក់តាមដានឲ្យបានជាក់លាក់ អំពីតម្រូវការចាំបាច់របស់អ្នកធ្វើចត្តាឡីស័ក ដើម្បីដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខជូនពួកគាត់ ឲ្យបានទាន់ពេលវេលា និងត្រូវរាយការណ៍ និងសុំយោបល់ដឹកនាំពីរដ្ឋបាលខេត្ត ដើម្បីដោះស្រាយបានទាន់ពេលវេលា។
បើតាមរដ្ឋបាលខេត្តបានបញ្ចាក់ថា គិតមកដល់ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់់រដ្ឋបាលខេត្ត មានចំនួន២៦០នាក់៕