ពលរដ្ឋខ្មែរចំនួន៤នាក់ បម្រុងលួចឆ្លងដែរខុសច្បាប់ទៅប្រទេសថៃ ត្រូវកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនទៅសួនាំរួចបញ្ជូនយកទៅដាក់នៅមណ្ឌលចត្តាឡីស័ក
ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋខ្មែរប្រុស ស្រីចំនួន០៦នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រូវកម្លាំងសមត្ថកិច្ចដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទប់ស្កាត់និងធ្វើការឃាត់ខ្លួនយកទៅអប់រំ រួចបញ្ជូនមណ្ឌលចត្តាឡីស័ក។
លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្ដិ៍បឹងសាគូ បានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការណែនាំ ពីលោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោក៩១១ នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ លោកបានដឹកនាំកម្លាំងចុះល្បាត លុះដល់វេលាម៉ោង១ និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ក៏បានជួបប្រទះប្រជាពលរដ្ឋខ្មែរប្រុស ស្រីចំនួន៤នាក់ ក្នុងនោះមានក្មេង២នាក់ផងដែរ បម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ នៅចំណុចស្តារវីឡា ស្ថិតនៅក្នុងភូមិព្រៃព្រិច សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងរបស់លោក សហការជាមួយកម្លាំងយោធាកងពល៥១ និងកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការទប់ស្កាត់ ឃាត់ខ្លួនមកសួរនាំ រួចបញ្ជូនទៅដាក់នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យនិមិត្តក្រុងប៉ោយប៉ែតតែម្តង។
លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្ដិ៍បឹងសាគូ បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំង៤នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចទប់ស្កាត់ និងឃាត់ខ្លួនយកមកអប់រំ រួចបញ្ជូនទៅដាក់នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យនិមិត្តនោះរួមមាន៖
១-ឈ្មោះ ជាវ ការ៉ាន់ ភេទប្រុស អាយុ៣៥ឆ្នាំ (លក់ដូរនៅផ្សាររោងក្លឿ ប្រទេសថៃ) មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត
២-ឈ្មោះ ឈិត ពន្លឺ ភេទប្រុស អាយុ៣២ឆ្នាំ (លក់ដូរនៅផ្សាររោងក្លឿ ប្រទេសថៃ)
៣-ឈ្មោះ អេង មិនា ភេទស្រី អាយុ១៤ឆ្នាំ(សិស្ស)
៤-ឈ្មោះ អេង ចាន់ណា ភេទស្រី អាយុ៦ឆ្នាំ (សិស្ស) មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត។ចំណែកអ្នកនាំផ្លូវ២នាក់(ប្រុស) មិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់។
ដោយឡែកអ្នកទាំង០៤នាក់ខាងលើ ក្រោយពីឃាត់ខ្លួនមកសួនាំរួច ត្រូវបានកម្លាំងចម្រុះ បញ្ជូនយកទៅដាក់នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យនិមិត្ត ក្រុងប៉ោយប៉ែត៕