ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ចុះសួរសុខទុក្ខកងកម្លាំងឈរជើង អនុវត្តបំរាមរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីត១៩ ក្នុងភូមិសាស្ត្រខេត្តកំពត
ខេត្តកំពត៖ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អមដំណើរដោយថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២១ បានចុះសួរសុខទុក្ខ និងនាំអំណោយជាគ្រឿងឧបភោគបរិភោគ ម៉ាស និងថវិកាមួយចំនួនឧបត្ថម្ភជូនដល់កងកម្លាំងដែលឈរជើងត្រួតពិនិត្យការអនុវត្តសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាលក្នុងការចល័ត ធ្វើដំណើរឆ្លងខេត្ត របស់ប្រជាពលរដ្ឋ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលដោយជំងឺកូវីដ១៩ នៅលើដងផ្លូវជាតិចំណុចគោលដៅសំខាន់ៗ ចំនួន៣ក្នុងភូមិសាស្ត្រខេត្តកំពត ។
ក្នុងនោះគោលដៅ ទី១-ចំណុចបង្គោលគីឡូម៉ែត្រលេខ៥៣ ផ្លូវជាតិលេខ៤១ ព្រំប្រទល់ក្នុងឃុំស្រែចែង ស្រុកជុំគីរីជាមួយ ខេត្តតាកែវ។
គោលដៅទី២-ចំណុចអតីតសកលវិទ្យាល័យភូមិន្ទ តាកែវ-កំពត ផ្លូវជាតិលេខ៣ ក្នុងឃុំនារាយណ៍ ស្រុកឈូក ជាមួយស្រុកត្រាំកក់ ខេត្តតាកែវ និងគោលដៅទី៣-លើដងផ្លូវជាតិលេខ៣១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៥ លេខ៦ ឃុំចំប៉ីស្រុកអង្គរជ័យ ជាមួយខេត្តតាកែវ។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ជាវ តាយ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសំដែងការកោតសរសើរលើកទឹកចិត្ត ចំពោះអាជ្ញាធរមូលដ្ឋានកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលក្នុងរយៈពេលកន្លងមកតែងបានចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងការអនុវត្តវិធានការ បង្ការទប់ស្កាត់ជម្ងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាលនិងក្រសួងមហាផ្ទៃ ទទួលបានលទ្ធផលល្អប្រសើរ។ជាពិសេសក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ ដែលកម្ពុជាយើងកំពុងស្ថិតក្នុងស្ថានភាពប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ហើយបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន តែងមានការព្រួយបារម្ភយកចិត្តទុកដាក់ខ្ពស់ និងមានការអំពាវនាវណែនាំជំរុញដល់អាជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយើងទាំងអស់គ្នា ឲ្យបង្កើនស្មារតីចូលរួមយកចិត្តទុកដាក់អនុវត្តឲ្យបានសកម្មម៉ឺងម៉ាត់បំផុត តាមរយៈវិធានការសុខាភិបាលគឺ ៣ការពារ ៣កុំ រួមនិងចំណាត់ការព្រមទាំងបទបញ្ជាផ្សេងៗក៏ដូចជាការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីយើងទាំងអស់រួមគ្នាប្រយុទ្ធ និងបង្ការទប់ស្កាត់ជំងឺដ៏កាចសាហាវនេះកុំឲ្យឆ្លងរាលដាលបន្តទៀតដល់សហគមន៍។
ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានឧបត្ថម្ភអំណោយដល់កម្លាំងឈរជើងទាំងបីគោលដៅសរុបចំនួន១៣៦នាក់ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល និងផ្ដល់ជូនគ្រឿងឧបភោគបរិភោគនិងម៉ាស ក្នុងមួយគោលដៅ ទទួលបានទឹកសុទ្ធ ១០កេះ មី១០កេះ ទឹកផ្លែឈើ៥កេះ និងម៉ាស ៥០០ម៉ាសផងដែរ៕