បង្កើតកម្មវិធីផឹកស៊ី ច្រៀងរាំ បំពានទៅនឹងសេចក្តីសម្រេច របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវ កម្លាំងនគរបាលខណ្ឌមានជ័យចាប់វាយខ្នោះ
រាជធានីភ្នំពេញ៖អាងខ្លួនជាឧត្តមសេនីយ៍ទោ ផ្គើនហ៊ានបង្កើតកម្មវិធីផឹកស៊ី រាំច្រៀងដល់អ្នកជួលបន្ទប់របស់ខ្លួនជាច្រើននាក់ បំពាននឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវកម្លាំងនគរបាលខណ្ឌមានជ័យ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចាប់វាយខ្នោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបក្ខពួក០២នាក់ទៀតកាលពីវេលាម៉ោង២១និង៣០យប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិដំណាក់ធំទី២ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមរបាយការណ៍របស់អធិការដ្ឋាន នគរបាលខណ្ឌមានជ័យ បានបញ្ជាក់ថា៖នៅវេលាម៉ោង ២១និង៣០នាទី យប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ មានប្រជាពលរដ្ឋល្អបានរាយការណ៍ប្រាប់ថា៖នៅចំណុចតំបន់ផ្ទះជួលលេខ៥៨ ផ្លូវវេងស្រេង ភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ម្ចាស់
ផ្ទះបានរៀបចំបង្កើតកម្មវិធីផឹកស៊ី ច្រៀងរាំ ឱ្យកម្មករជួលបន្ទប់ផ្ទះជួលរបស់ខ្លួន។ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានចុះទៅដល់ទីតាំងខាងលើភ្លាមៗហើយបានឃាត់ខ្លួនម្ចាស់ផ្ទះជួលរួមនិងបក្សពួក០២នាក់ទៀតរួមមាន៖
១/-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ផ្ទះជួល មានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ទោ ។
២/-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើមើលការងារនៅផ្ទះជួល។
៣/-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើ មើលការងារនៅផ្ទះជួល។ រីឯមនុស្សមួយចំនួនដែលជាអ្នកមកជួលបន្ទប់ជួលបានរត់ចូលក្នុងបន្ទប់ផ្ទះជួលអស់ពេលសមត្ថកិច្ចទៅដល់។
ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់នេះ ត្រូវបានកម្លាំងនគរបាលបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការទៅតាមនិតិវិធី៕