ទីតាំងចំនួន១៣ លើ៩ ក្រុង/ស្រុក ក្នុងខេត្តបន្ទាយមានជ័យ បើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋស្ម័គ្រចិត្ត ដើម្បីការពារជំងឺកូវីដ១៩
ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងជាប្រធានគណៈបញ្ជាការឯកភាពក្រុង បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យកន្លែងដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ នៅក្នុងក្រុងប៉ោយប៉ែត ចំនួន២ទីតាំង ដោយទីតាំងទី១ នៅស្ថានីរថភ្លើង និងទីតាំងទី២ នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នៅទូទាំងខេត្តបន្ទាយមានជ័យ នៅទីតាំងចំនួន១៣ លើ៩ ក្រុង/ស្រុកនឹងចាប់ផ្តើមនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ តទៅតាមបញ្ជីឈ្មោះអាទិភាព ដែលរដ្ឋបាលខេត្តបានកំណត់។ម្យ៉ាងវិញទៀតការចាក់វ៉ាក់សាំងការពារជំងឺកូវី១៩ នេះតាមទីកន្លែង និងពេលវេលា ព្រមទាំងការកំណត់ចំនួនអ្នកត្រូវមកទទួលវ៉ាក់សាំងដូចខាងក្រោម៖
* ការចាក់វ៉ាក់សាំង គិតពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ (ដោយមិនគិតពីថ្ងៃឈប់សម្រាក)
- ពេលព្រឹក៖ ពីម៉ោង០៨:០០នាទីព្រឹក ដល់ម៉ោង១២ :០០នាទីថ្ងៃត្រង់ (ចំនួន១០០នាក់)
- ពេលល្ងាច៖ ពីម៉ោង១៤:០០នាទីរសៀល ដល់ម៉ោង ១៦:៣០នាទីល្ងាច (ចំនួន៥០នាក់)។
ដំណើរការនៃការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវអនុវត្តតាមវិធានការសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល គឺ«៣កុំ និង៣ការពារ» ដើម្បីបង្ការទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩ នៅតាមទីកន្លែងចាក់វ៉ាក់សាំង៕