ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន៥០គ្រួសារ នៅឃុំចំនួន៣ក្នុងស្រុកដងទង់ ទទួលអំណោយពីកាកបាទក្រហមកម្ពុជាខេត្តកំពត
ខេត្តកំពត៖ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចែកអំណោយកាកបាទក្រហមជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន៥០គ្រួសារ នៅឃុំមានរិទ្ធ ឃុំល្អាង និងឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត។
ពិធីនេះប្រារព្ធធ្វើនៅបរិវេណវត្តល្អាងទឹកជប់ ឃុំល្អាង ស្រុកដងទង់ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកគណៈកម្មាធិការ កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាព សមាជិកអនុសាខាស្រុក និងប្រជាពលរដ្ឋ សរុប៧៥នាក់។
ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយ ដោយមិនដែលទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ មិនមានការដោះស្រាយអ្វីនោះឡើយ។
ជាមួយនេះផងដែរ ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា បើទោះបីអំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកខ្វះខាតរបស់បងប្អូនបានមួយគ្រាផងដែរ។ក្នុងនោះឯកឧត្តមក៏បានក្រើនរំលឹកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា នូវវិធានការ«៣ការពារ និង ៣កុំ»ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។
អំណោយត្រូវចែកជូនប្រជាពលរដ្ឋក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ២៥kg មី១កេះ ទឹកត្រី១យួរ ស្ករស១kg និងថវិកា២ម៉ឺនរៀល ព្រមទាំងបានឧបត្តម្ភជូនទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកបាទក្រហម នគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ សរុបចំនួន៤៦ម៉ឺនរៀលផងដែរ៕